(ភ្នំពេញ)៖ លោក អួន វណ្ណសាក់ ក្បាលម៉ាស៊ីនយុវជនអតីតគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូបទៀត បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អួន វណ្ណសាក់ អតីតភាពជាសមាជិកចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក «I Love Cambodia Hot News II» ជាយុវជនមួយរូប ក្នុងចំណោមមេចលនាយុវជនល្បីៗរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មលើសមរភូមិនយោបាយ ជាពិសេសអំឡុងឆ្នាំ២០១៣។ យុវជនរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំអតីតបក្សសង្គ្រោះជាតិ ក៏ដូចក្បាលម៉ាស៊ីនយុវជនដទៃទៀត ដូចជា ប៉ីប៉ី លី និង លី ចាន់វតី ជាដើម។
តាមរយៈលោក សាន សាង អតីតក្បាលម៉ាស៊ីនដឹកនាំមួយរូបរបស់អតីតបក្សសង្គ្រោះជាតិ ពេលនេះ យុវជន អួន វណ្ណសាក់ សម្រេចចិត្តចាកចេញពីក្រុមប្រឆាំង ក៏ដូចជាផ្តាច់ខ្លួនចេញពីជនក្បត់ជាតិ សម រង្ស៉ី។ ទន្ទឹមនឹងការចាកចេញពីបក្សប្រឆាំង យុវជន អួន វណ្ណសាក់ ក៏បានសម្រេចចិត្តសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
វីដេអូដែល Fresh News ទទួលបានពីលោក សាន សាង, យុវជន អួន វណ្ណសាក់ បានបញ្ជាក់ថា មូលហេតុដែលរូបគេចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះតែរូបគេមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះមានគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ធានាការពារបាននូវសុខសន្តិភាពជាតិ។ សន្តិភាព ជាគ្រឹះដ៏សំខាន់សម្រាប់កិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។
ក្នុងវីដេអូនេះគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យុវជន អួន វណ្ណសាក់ ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងអនុវត្តន៍គម្រោងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
តាមរយៈវីដេអូនេះ យុវជន អួន វណ្ណសាក់ គោរពសុំសម្តេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឱ្យរូបគេបានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ថា យុវជនដែលជាកម្លាំងស្នូលរបស់អតីតបក្សសង្គ្រោះជាតិ និងសុទ្ធសឹងជាមួយស្ម័គ្រស្លាប់ជាមួយជនក្បត់ជាតិ សម រង្ស៉ី ជាច្រើនរូបហើយ បានសម្រេចចិត្តដើរចេញពីបក្ស ដើរចេញពី សម រង្ស៉ី ព្រោះតែពួកគេអស់សង្ឃឹមការដឹកនាំរបស់លោក សម រង្ស៉ី និងមេដឹកនាំបក្សប្រឆាំងដែលកម្សោយលើការដឹកនាំ៕