(ភ្នំពេញ)៖ ដើម្បីរួមចំណែកដល់ដំណើរការសមាគមសិល្បករខ្មែរ និងដើម្បីបុព្វហេតុតែមួយ គឺលើកស្ទួយវិស័យ សិល្បៈវប្បធម៌កម្ពុជា ក្រុមហ៊ុន DFDL Law Firm បានជួយឧបត្ថម្ភសមាគមសិល្បករខ្មែរចំនួន១ម៉ឺន ដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ។
ដោយមើលឃើញពីចលនាយ៉ាងសកម្មប្រកបដោយភាពរស់រវើករបស់សមាគមសិល្បករខ្មែរក្នុងរយៈពេល ដ៏ខ្លី ក្រោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ឡើងកាន់តួនាទីជាប្រធាននោះ ក្រុមហ៊ុន DFDL Law Firm ដែលមានចក្ខុវិស័យរួមក្នុងបុព្វហេតុសិល្បៈវប្បធម៌ជាតិដែរនោះ ក៏សម្រេចជួយឧបត្ថម្ភ ថវិកាមូលនិធិជាប្រចាំរយៈពេល៥ឆ្នាំ ដោយមួយឆ្នាំឧបត្ថម្ភ១ម៉ឺនដុល្លារ ដើម្បីរួមចំណែកក្នុងចលនានានា របស់សមាគមសិល្បករខ្មែរ។
តាងនាមឱ្យសមាគមសិល្បករខ្មែរទាំងមូល លោកជំទាវប្រធាន អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន DFDL Law Firm ដែលមានបេះដូងសិល្បៈ និងជួយឧបត្ថម្ភក្នុងសកម្មភាពរបស់សមាគម ដែលនេះជាកាយវិការប្រកប ដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាយើង។
គួរបញ្ជាក់ថា ក្នុងរយៈ៣ខែកន្លងមកនេះ សមាគមសិល្បករខ្មែរ បានធ្វើសកម្មភាព និងបានដឹកនាំសិល្ប ករសិល្បការិនីចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹង ជំងឺអេដស៍។ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមយុទ្ធនា ការសម្អាតបរិស្ថាន និងចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន។ ជាមួយគ្នានោះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈជា ដើម៕