(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ឬហៅជាភាសាអង់គ្លេសថា Royal Group Securities PLC បាន ប្រកាសឧបត្ថម្ភសមាគមសិល្បករខ្មែរចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ដើម្បីជាការរួមចំណែក ជួយដល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំប្រកបដោយភាពច្បាស់លាស់របស់លោក ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង។
តាមរយៈតំណាងរបស់ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក បានឲ្យដឹងថា ការឧបត្ថម្ភនេះជាការរួម ចំណែកក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ ពិសេសសិល្បៈវប្បធម៌ដ៏ល្អត្រចះត្រចង់របស់កម្ពុជា ស្របតាម សុភាសិតមួយបានពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានកោត សរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន Royal Group Securities PLC ដែលមានបេះដូងសិល្បៈ និងជួយឧបត្ថម្ភក្នុងសកម្មភាពរបស់សមាគម ដែលនេះជាកាយវិការប្រកប ដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាយើង។
គួរបញ្ជាក់ថា ក្នុងរយៈ៣ខែកន្លងមកនេះ សមាគមសិល្បករខ្មែរ បានធ្វើសកម្មភាព និងបានដឹកនាំសិល្ប ករសិល្បការិនីចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹង ជំងឺអេដស៍។ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមយុទ្ធនា ការសម្អាតបរិស្ថាន និងចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន។ ជាមួយគ្នានោះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈជា ដើម៕