(ឧត្តរមានជ័យ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុធ អតីតនាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជំនួសលោកវរសេនីយ៍ត្រី គង់ សំណាង ដែលចូលនិវត្តន៍។
ពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិលនាពេលនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកបន្ទាយអំពិលជាច្រើនទៀត។
ថ្លែងនៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកវរសេនីយ៍ត្រី គង់ សំណាង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្តៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ប៊ុត សាវុធ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនាពេលនេះ។លោកថាការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ដែលទាមទាឱ្យលោកមេបញ្ជាាការថ្មីត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដងទាំងការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពរួម។
លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ក៏បានថ្លែងដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើស ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ និងល្បែងសុីសងខុសច្បាប់ជាដើម៕