(កំពង់ធំ)៖ លោកបណ្ឌិត សុខ ចាន់ ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងលោកស្រី វ៉ា សូលីដា សុខ ចាន់ភក្តី និងលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ព្រមទាំងលោកបណ្ឌិត គឹម សារឿន ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសហការី និងក្រុមការងារមានសទ្ធាជ្រះថ្លារួមគ្នានាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅចំនួន២ វត្តស្រយ៉ូវ ស្ថិតក្នុងភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងវត្តភ្នំសន្ទុក ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់ធំ។
លោកបណ្ឌិត សុខ ចាន់ភក្ដី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏មានការរីកចម្រើន ទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានឱកាសចូលរួមកសាងប្រទេស និងកន្លែងប្រត្តិបត្តិសាសនាឱ្យមានការរីកចម្រើនជាលំដាប់។
លោកបានគូសបញ្ជាក់ថា៖ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយការនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់ កាលត្រីមាស នាពេលនេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
លោកបានមានប្រសាសន៍ផ្តាំផ្ញើរដល់ពុទ្ធបរិស័ទ ដែលអញ្ជើញត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួម សម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ការប្រគេននូវទេយ្យវត្ថុរួមមាន៖ ទៀនព្រះវស្សា អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យកសាងមួយចំនួនផងដែរ៕