(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ធំ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ។ អំណោយជារថយន្តសង្គ្រោះបន្ទាន់នឹងបម្រើជាប្រយោជន៍ដល់ផ្នែកសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ធំ។
ការប្រគល់ប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿងនេះ ធ្វើឡើងរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
លោក សួស យ៉ារ៉ា បានផ្តាំផ្ញើដល់មន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារទាំងអស់ដែលកំពុងបម្រើការនៅមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យ និងព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់លោក សួស យ៉ារ៉ា និងលោកស្រី ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ ស្របពេលដែលមន្ទីរពេទ្យកំពុងតែខ្វះខាត និងតម្រូវការជាចាំបាច់ក្នុងកិច្ចការនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ មនុស្សធម៌ គុណធម៌ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈជំនាញច្បាស់លាស់ ហើយរថយន្តសង្គ្រោះបន្ទាន់ដែលបានផ្តល់ជូននេះ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារឱ្យបានល្អ និងធានាយកទៅប្រើប្រាស់តាមគោលដៅជំនាញ៕