(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានថ្លែងណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវពិនិត្យកែលម្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការថ្លែងណែនាំបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
លោកអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះគណៈបញ្ជាការឯកភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ ការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនប្រជាសពលរដ្ឋ។
លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
*១. ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អជាពិសេសនៅថ្ងៃប្រណាំងទូកដណ្តេីមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលនិងចាប់ផ្តេីមប្រព្រឹត្តទៅនៅថ្ងៃទី២ដល់ទី៤ខែសីហាឆ្នាំ២០២៤នេះ។
*២. ត្រូវបន្តអនុវត្តវិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទដែលបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
*៣. បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។
*៤. បន្តតាមការយកចិត្តទុកដាក់តាមដានទៅលើបញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋជាដើមក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយឱ្យបានទាន់ពេលវេលា។
*៥. មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតអោយបានត្រូវមុនដំណើរការសាងសង់។
*៦. អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងការពារដីចំណីផ្លូវ ប្រឡាយ បឹងបួរឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
*៧. សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ។
*៨. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕