(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិ GX របស់សាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាអនុវត្តគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបញ្ចប់គម្រោងលុបបំបាត់ពិការភាពភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង។
ការចុះអនុស្សរណៈនេះធ្វើឡើងក្រោមអធិបតីភាពជាសាក្សីរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អមដោយវត្តមានលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក លាំង ជុនយីង (Leung Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការនៃសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅអគារវឌ្ឍនៈកាប់ពីតាល់ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី ឈាង រ៉ា បានឱ្យដឹងថា គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺ ដែលបានចុះអនុស្សរណៈនាពេលនេះ គឺមានរយៈពេល២ឆ្នាំ (២០១៤-២០២៦)។ កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីចិន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តឱ្យសម្រេចតាមផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
លោក លាំង ជុនយីង បានបញ្ជាក់ថា មូលនិធិ GX ប្តេជ្ញាចិត្តពង្រឹកកិច្ចសហប្រតិបត្តិការនេះជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺនេះ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនេះ គឺដើរស្របទៅនឹងទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមពង្រឹង និងលើកម្ពស់សុខភាពសាធារណៈ ដែលជាផ្នែកមួយនៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ជំងឺគ្រុនឈាមនេះនៅតែជាបញ្ហាសុខភាពសាធារណៈ ដោយបន្តប៉ះពាល់ដល់មនុស្សគ្របវ័យ គ្រប់ពេលវេលា ជាពិសេសនៅរដូវវស្សា ដែលមានអត្រាចម្លងជំងឺខ្ពស់ និងតម្រូវឱ្យមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា និងពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបង្កើនការយល់ដឹងក្នុងសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យ អត្រាឆ្លង និងមរណភាព ព្រមទាំងការរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុ។
ចំណែកលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បង្ហាញទស្សនៈយល់ឃើញថា កិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ពិការភាពភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ដែលបានបញ្ចប់ និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺ ដែលត្រូវបន្តអនុវត្តនោះ គឺពិតជាបានរួមចំណែកធ្វើឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
លោកឯកអគ្គរដ្ឋទូតបានបន្តថា ការអនុវត្តគម្រោងទាំង២នេះពិតជាបានផ្ដល់ប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅមូលដ្ឋានផងដែរ ដូច្នេះលោកបានលើកទឹកចិត្តឱ្យក្រុមប្រតិបត្តិករពាក់ព័ន្ធបន្តខិតខំអនុវត្តកិច្ចការងារជួយប្រជាជនឱ្យបានច្រើនទៀត ដើម្បីរួមចំណែកក្នុងកិច្ចគាំពារសុខភាពសកល។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា គម្រោងលុបបំបាត់ពិការភាពភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ដែលបានបញ្ចប់ទៅនោះ គឺមានរយៈពេល១៨ខែ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ មូលនិធិ GX និងគណៈកម្មាធិការសុខាភិបាលតំបន់ស្វ័យតក្វាងស៉ី ប្រទេសចិន បានបញ្ជូនក្រុមគ្រូពេទ្យវះកាត់ចំនួន៨លើកមកហើយ សរុបមានចំនួន៦៣រូប ដែលមួយលើកៗមានរយៈពេល៤-៦សប្ដាហ៍ ផ្ដល់ការវះកាត់ជំងឺផ្នែកឡើងបាយដោយឥតគិតថ្លៃដល់ប្រជាជននៅខេត្តព្រៃវែង និងប្ដាខេត្តជុំវិញបានចំនួន៣,៨៩១ករណី និងពិនិត្យព្យាបាលសុខភាពភ្នែកផ្សេងៗទៀតបានចំនួន៥,៣៦៧នាក់។មុនការអនុវត្តគម្រោងលុបបំបាត់ពិការភាពភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ដែលជាគម្រោងទី២នោះ មូលនិធិ GX ក៏បានអនុវត្តគម្រោងទី១នៅខេត្តកំពង់ចាមរួចហើយដែរ ដោយបានផ្ដល់ការវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនជាង៦,០០០នាក់៕