(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោក Mongkul Surasajja ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាថៃ។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមដែលបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ។
ជ័យជំនះរបស់ឯកឧត្តម ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ពិសេសរបស់ ឯកឧត្តម និងការលះបង់ចំពោះជាតិ និងប្រជាជនរបស់ឯកឧត្តម នាពេលកន្លងមក។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលផ្អែកលើដោយការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព នៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ជាពិសេស សហគមន៍អាស៊ានរបស់យើង។
ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ឯកឧត្តម ជាប្រធានព្រឹទ្ធសភា ឯកឧត្តមនឹងពង្រឹងទំនាក់ទំនង រវាងប្រជាជាតិយើងទាំងពីរបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការជាមួយ ឯកឧត្តម និងព្រឹទ្ធសភាថៃ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាយើងទាំងពីរ។
ខ្ញុំមានទំនុកចិត្តថា ការកាន់តំណែងជាប្រធានព្រឹទ្ធសភារបស់ឯកឧត្តមនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូមឯកឧត្តមមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម»៕