(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសលោក កែវ ពិសី អតីតអភិបាលស្រុកមេសាង ឲ្យចូលកាន់មុខតំណែងជាអភិបាលស្រុកពាមរក៍ ជំនួសលោកស្រី សេង ទៀង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រៃវែង។
ក្នុងឱកាសចូលកាន់តំណែងអភិបាលស្រុកពាមរក៍នេះ លោក សួន សុម៉ាលីន បានណែនាំដល់លោក អភិបាលស្រុក ដែលប្រកាសចូលកាន់មុខតំណែងថ្មីនៃស្រុកពាមរក៍នេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរឡើង ជាពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍នេះ ឲ្យកាន់តែល្អប្រសើរឡើងធ្វើយ៉ាងណាដើម្បី បំពេញតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តបានបន្តថា គណៈអភិបាលស្រុកនិងមន្ត្រីរាជការទាំងអស់នៅស្រុកពាមរក៍ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។
លោកអភិបាលខេត្តព្រៃវែងបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
ព្រមជាមួយគ្នានេះ លោកសង្ឃឹមយ៉ាងមុតមាំថា លោក អភិបាលស្រុកថ្មីនិងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់ បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ស្រុក ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក កែវ ពិសី បានធ្វើការប្តេជ្ញាចិត្តថា គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ខិតខំបំពេញការងារជូន លោកអភិបាលខេត្ត ក៏ដូចជាលោកប្រធានក្រុមប្រឹក្សាខេត្ត។ ស្វែងរកបទពិសោធន៏ការងារបន្ថែម នឹងផ្តល់នូវបទពិសោធន៍ការងាររបស់ខ្លួនជួនដល់មន្រ្តីក្រោមឱវាទ៕