(កំពង់ធំ)៖ ក្រុមគ្រូពេទ្យកូរ៉េនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងប៊ុកដូ (GBMV) នៃសាធារណរដ្ឋកូរ៉េ ៩២នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Gilho ប្រធានសមាគម GBMV សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានធ្វើការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ លើបញ្ហាជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្រ្តី ជំងឺកុមារ ចក្ខុរោគ ចាក់ម្ជុលវិទ្យាសាស្រ្ត ព្រមទាំងពិនិត្យឈាម ជូនប្រជាពលរដ្ឋសរុបចំនួន ៤ ៤៥៥នាក់ ដែលមានករណីជំងឺសរុបចំនួន ១២ ៧៨៩ករណី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន»។
ក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» បានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ២០១៣មក កម្មវិធីនេះបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មកធ្វើការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបជាង ៣៤ ០០០នាក់ ព្រមទាំងបាននាំយកនូវជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនិងឱសថជាច្រើនទៀត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តមួយចំនួនទៀត។ ការព្យាបាលជំងឺដោយឥតគិតថ្លៃនៅឆ្នាំ២០២៤នេះ រួមទាំងការបរិច្ចាគឱសថនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការបំពាក់ម៉ាស៊ីនត្រជាក់នៅបន្ទប់ព្យាបាល ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ រួមទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ បានចំណាយថវិកាអស់សរុបប្រមាណ ៥០ម៉ឺនដុល្លារអាម៉េរិក។
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ បានសន្យាថានឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម GBMV មកកម្ពុជា ដើម្បីបន្តពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំជារៀងរាល់ឆ្នាំ។
កម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃនេះ មានការចូលរួមសហការផងដែរពីក្រុមការងារនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ខេត្តកំពង់ធំ និងអ្នកបកប្រែស្ម័គ្រចិត្តភាសាកូរ៉េ-ខ្មែរជាច្រើននាក់ទៀត និងបានទទួលនូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន៕