(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការអនុវត្តកម្មវិធីចលនាភូមិថ្មី (Saemaul Undong) ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ខណៈគម្រោងនេះបាន និងកំពុងអនុវត្តនៅខេត្តកំពង់ស្ពឺ។
ការគាំទ្រចំពោះការអនុវត្តកម្មវិធីចលនាភូមិថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
ជំនួបនោះលោក លី ឈូលវ៉ូ បានលើកឡើងពីជោគជ័យរបស់ប្រទេសកូរ៉េ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយៈការអនុវត្តកម្មវិធីចលនាភូមិថ្មី (Saemaul Undong) ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee ដែលធ្វើឱ្យ GDP របស់ប្រជាជនកូរ៉េ កាន់តែប្រសើរមកដល់បច្ចុប្បន្ននេះ។
អភិបាលខេត្តឃ្យុងសាងបុកដូ មានប្រសាសន៍បញ្ជាក់ជូន សម្តេចតេជោថា ក្នុងឆ្នាំ១៩៦១ GDP របស់ប្រជាជនកូរ៉េម្នាក់ត្រឹម ៦០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីការធ្វើបរិវត្តកម្មវិស័យកសិកម្ម ឧស្សាហូបនីយកម្ម និងកំណែទម្រង់វិស័យអប់រំ ដោយប្រើយុទ្ធសាស្រ្ត Saemaul Undong ក្រោមការដឹកនាំរបស់ប្រធានាធិបតី Park Chung Hee ធ្វើឱ្យប្រទេសកូរ៉េមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។
ក្នុងស្មារតីនេះ លោកជឿជាក់ថា ការបន្តបើកសាកលវិទ្យាល័យ ដើម្បីបង្រៀនពីចលនាភូមិថ្មី និងឧស្សាហកម្មកែច្នៃនៅប្រទេសកម្ពុជា ដោយសហប្រតិបត្តិការជាមួយខេត្តឃ្យុងសាងប៊ុកដូ ក៏នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាដូចគ្នាទៅនឹងកូរ៉េផងដែរ។
ជាមួយគ្នានេះ លោកលើកឡើងផងដែរថា ទោះបីជាប្រទេសកូរ៉េមានការអភិវឌ្ឍដោយពឹងផ្អែកខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។ ក្នុងបញ្ហានេះ លោក យល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីចលនាភូមិថ្មី (Saemaul Undong) របស់ប្រទេសកូរ៉េ ដែលកន្លងមកសម្តេចបានចូលរួមសម្ពោធការអនុវត្តគម្រោងនៃកម្មវិធីនេះ នៅខេត្តកំពង់ស្ពឺ ដែលទទួលបន្ទុកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
សម្តេចមានប្រសាសន៍ថា ម្រោងចលនាភូមិថ្មីរបស់កូរ៉េនេះ គឺស័ក្តិសមសម្រាប់ប្រទេសកម្ពុជា ដោយសារនៅពេលសម្តេច ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េក្នុងឆ្នាំ១៩៩៦ សម្តេចបានសង្កេតឃើញថា ស្ថានភាពកសិកម្មនៅកូរ៉េ និងកម្ពុជា មានការជីកប្រឡាយ និងបូមទឹកដូចគ្នា។
សម្តេចតេជោបានបង្ហាញ គាំទ្រការធ្វើបរិវត្តវិស័យកសិកម្ម និងឧស្សាហូបនីយកម្ម ដើម្បីធ្វើឱ្យកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង ហើយចំណែកវិស័យកសិកម្មធ្លាក់ចុះ ដែលជាសូចនាករបង្ហាញពីការរីកចម្រើនទាំងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
សម្តេចតេជោបានលើកឡើងថា កម្ពុជា និង កូរ៉េ មានមេរៀនដែលត្រូវរៀនពីគ្នា ដោយសារកូរ៉េធ្លាប់ជួបការលំបាក និងមានស្ថានភាពដូចកម្ពុជា ជាពិសេស នៅសម័យក្រោយសង្គ្រាមកូរ៉េ។
ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តដែលធំជាងគេបង្អស់ នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។ ក្នុងនាមជាខេត្ត ដែលចងសម្ព័ន្ធមេត្រីភាពជាមួយកម្ពុជា លោក លី ឈូលវ៉ូ បានត្រៀមលក្ខណៈរួចហើយដើម្បីជំរុញកិច្ចសហប្រតិបត្តការជាមួយកម្ពុជា ទាំងលើវិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្រ្ត វប្បធម៌ និងទេសចរណ៍៕