(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល ដល់ការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យលោកអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះ បញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌ របស់គណៈប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ «ពិព័រណ៍អង្គរ-ឃ្យុងយុ» នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។
លោកអភិបាលខេត្ត បានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្តានុពលផ្នែកសេដ្ឋកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះ។
សម្ដេចធិបតី និងលោកអភិបាលខេត្ត ក៏បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យ ក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ៕