(ភ្នំពេញ)៖ រយៈពេលត្រឹម៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៩ករណី មានជនសង្ស័យចំនួន១៦៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩៧នាក់ ដែលពាក់ព័ន្ធនឹងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយមាន១ករណីកើតចេញពីទំនាស់ស្នេហា។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដានអប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕