(កំពត)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ចូលរួមអបអរសាទរពិធីបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតអញ្ជើញចូលរួម ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិ ព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៦-២៧ ខែ កក្កដា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងរៀបចំឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដោយតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប»។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតនេះ ជាពិសេសអ្នកដែលរស់នៅអមសងខាងព្រែកជីកនេះដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម។
សូមជម្របថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជីកព្រែកជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទន្ទឹងរង់ចាំ នូវសមត្ថផលប្រវត្តិសាស្រ្តមួយនេះ។
ព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គ ទៅផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក មានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
តាមការប៉ាន់ស្មាន មានប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)៕