(ភ្នំពេញ)៖ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ដែលបានកែសម្រួលឡើងវិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្តល់អាទិភាពដល់ការថែទាំសម្រាប់កុមារគ្រប់រូបនៅកម្ពុជា។
គោលនយោបាយនេះត្រូវបានកែសម្រួលឡើងវិញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងគោលដៅធានាថា កុមារដែលពុំទទួលបានការថែទាំពីឪពុកម្តាយអាចរស់នៅក្នុងបរិយាកាសគ្រួសារដែលមានស្ថិរភាព ទទួលបានការលើកកម្ពស់សុខុមាលភាព និងការលូតលាស់ ព្រមទាំងកំណត់ថាការថែទាំនៅតាមមណ្ឌលគួរត្រូវបានប្រើប្រាស់ជាជម្រើសចុងក្រោយ នៅពេលដែលគ្មានជម្រើសថែទាំនៅតាមគ្រួសារ និងសហគមន៍។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គោលនយោបាយស្តីពីការថែទាំជំនួសនេះ គឺជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលលោកចាត់ទុកថាវាជាបរិបទមួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នា ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍ ស្របតាមច្បាប់ជាតិ អន្តរជាតិ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ជាពិសេសគោលការណ៍នៃការថែទាំជំនួសចំពោះកុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា តាមរយៈគោលនយោបាយនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីធានាថាកុមារកំព្រា កុមារត្រូវបានគេបោះបង់ ក៏ដូចជាកុមាររងគ្រោះនិងងាយរងគ្រោះដទៃទៀតទទួលបានការការពារ និងផលប្រយោជន៍ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា ថ្ងៃនេះយើងបានចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងការងាររបស់យើងក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។ ការថែទាំនៅតាមគ្រួសារ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូប ព្រោះវាជំរុញឱ្យមានការលូតលាស់ល្អទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងសង្គមរបស់កុមារ។ គោលនយោបាយដ៏សំខាន់នេះមានលក្ខណៈស្របតាមស្តង់ដារសកលលោក និងត្រូវបានរៀបចំឡើងដោយមានកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នជាតិ និងអង្គការដៃគូ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់កិច្ចការពារកុមារគ្រប់រូប និងសិទ្ធិរបស់ពួកគេក្នុងការលូតលាស់នៅក្នុងបរិយាកាសមានការគាំទ្រ ថែរក្សា និងស្ថិរភាព។
បន្ថែមពីលើការផ្តល់អាទិភាពដល់ការថែទាំកុមារតាមគ្រួសារ ជំនួសឱ្យការថែទាំកុមារតាមមណ្ឌល គោលនយោបាយដែលបានកែសម្រួលថ្មីនេះ បានដាក់បញ្ចូលចំណុចថ្មីៗ និងអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការកែលម្អសេវាថែរក្សាកុមារនៅក្នុងគ្រួសារ និងសេវាបញ្ជូន ការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាថែទាំជំនួសចំពោះកុមារ ការបង្កើនថវិកាសម្រាប់កំណែទម្រង់ការថែទាំសុខភាព និងការសម្របសម្រួលលើកិច្ចសហការរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍឱ្យកាន់តែមានភាពប្រសើរឡើង។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ របាយការណ៍បានបង្ហាញថា មានកុមារ និងយុវជនជាង៩,០០០នាក់ បានរស់នៅតាមកន្លែងថែទាំចំនួន២៧០កន្លែង ដែលរួមមានមណ្ឌលថែទាំកុមារ ផ្ទះស្នាក់នៅបណ្តោះអាសន្ន ផ្ទះស្នាក់នៅជាក្រុម វត្តអារាម និងអគារសានា និងអន្តេវាសិកដ្ឋាន។ ទិន្នន័យនេះបានបង្ហាញពីការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់បើធៀបនឹងទិន្នន័យក្នុងឆ្នាំ២០១៥ ដែលមានកុមារ និងយុវជនប្រមាណជាង៣៥,០០០នាក់ បានរស់នៅតាមកន្លែងថែទាំចំនួន៦៣៩កន្លែង៕