(ភ្នំពេញ)៖ កម្ពុជា និងហ្វីលីពីន បានប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកជាមួយគ្នាឱ្យកាន់តែរឹងមាំ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកឧត្តមសេនីយ៍ឯក Roy M.Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នាព្រឹកថ្ងៃចន្ទ ទី២៩​ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានរាជរដ្ឋាភិបាល។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Roy M. Galido បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព នៃប្រទេសហ្វីលីពីន និង កម្ពុជា។ លោកមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោកហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចធិបតី បានសម្ដែងក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងជាយថាហេតុ។

សម្ដេចធិបតី និងលោកមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណ:ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងអង្គភាព នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕