(តាកែវ)៖ បន្ទាប់ពីដំណើរទស្សនកិច្ចសំណេះសំណាល ជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពេលនេះសហគមន៍បន្លែត្រាំកក់ បានវិវត្តន៍ខ្លួនជាសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ដោយជោគជ័យ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «មូលហេតុដែលអាចធ្វើឱ្យតំបន់នេះរៀបចំជាសហគមន៍កសិកម្មទំនើបបានគឺ ដោយសារតែសម្រាប់ក្រសួងវិញ ឃើញថានេះជាតំបន់អាចមានការប្រមូលផ្ដុំដាំបន្លែគឺមានរួចជាស្រេចមានរយៈពេលខ្លី យើងអាចកែប្រែរៀបចំទៅជាតំបន់ដែលអាចធ្វើផលិតកម្មបន្លែទ្រង់ទ្រាយធំ សម្រាប់ផ្គត់ផ្គង់ចូលមកទីក្រុងភ្នំពេញ ហើយសម្រាប់កសិករគាត់សម្លឹងឃើញពីអត្ថប្រយោជន៍ពីការចូលរួមជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានទីផ្សារហើយជាពិសេសគឺតម្លៃតែម្ដង គាត់អាចទទួលបានតម្លៃល្អពី៣០០៛ មក២០០០៛ ហើយក៏ទទួលបានការគាំទ្រទាំងទុននិងបច្ចេកទេសផងដែរ»។

សូមជម្រាបថា កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សហគមន៍ ចូលរួមមហាសន្និបាតកំណើតដំបូងនៃសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានផ្ទៃដីដាំដុះប្រមាណ៥ហិចតា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ទី១៖ សហគមន៍នេះបានសម្រេចយកឈ្មោះ «សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់» ដោយមានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងផ្ទៃដីផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានប្រភេទបន្លែ ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ខាត់ណាដើម

ទី២៖ មហាសន្និបាតរបស់សហគមន៍ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមដឹងលឺពីសំណាក់រដ្ឋបាលមូលដ្ឋាន ដោយសហគមន៍បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ០៥រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៣រូប

ទី៣៖ សហគមន៍បានអនុម័តលើលក្ខន្តិកៈថ្មីនៃសហគមន៍កសិកម្មទំនើប ដែលជាលក្ខន្តិកៈទើបបានពិនិត្យកែសម្រួលរួចតាមអនុសាសន៍ណែនាំរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានកំណត់យកគោលការណ៍បែងចែកភាគលាភ តាមរូបមន្តសមាមាត្រនៃបរិមាណផលនៃចម្ការរបស់សមាជិកនីមួយៗ

ទី៤៖ សម្រាប់ថ្លៃភាគហ៊ុនដំបូង គឺគិតជាផ្ទៃដី១ម៉ែត្រការ៉េ ស្មើ១២ដុល្លារ ក្នុង១ហ៊ុន

ទី៥៖ សហគមន៍នេះមានសមត្ថភាពផលិតបន្លែ ៣តោនក្នុង១ថ្ងៃ

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ​នៃការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណនិងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕