(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធភាពយន្ត រឿង «ប្រវត្តិស្នេហ៍នាងនាថ» នៅផ្សារទំនើប K Mall កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
បើតាមលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា នឹងខិតខំជួយជ្រោមជ្រែងវិស័យភាពយន្តខ្មែរ ឱ្យកាន់តែរីកចម្រើន និងឱ្យកាន់តែប្រសើរឡើង ទោះត្រូវពុះពារឧបសគ្គក៏ដោយ។
ពិធីសម្ពោធភាពយន្តខ្នាតធំរឿង «ប្រវត្តិស្នេហ៍នាងនាថ» បានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានអធិបតីភាពពីអ្នកមុខអ្នកការជាច្រើនរូប ព្រមទាំងវត្តមានតារាភាពយន្តក្នុងស្រុក ផលិតករក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែអ្វីដែលបំផុសកម្មវិធីឱ្យកាន់តែមានភាពលេចធ្លោថែមទៀតនោះ គឺការផ្តល់កិត្តិយសពីព្រះនាង ជេន ណា នរោត្តម ព្រមទាំងវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។
ក្នុងឱកាសនោះ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើដល់រាជរដ្ឋាភិបាលជួយសម្របសម្រួល ដល់ក្រុមផលិតកម្មនានា អាចចុះទៅថតនៅទីតាំងប្រវត្តិសាស្ត្រ ឬតំបន់ទេសចរណ៍សំខាន់ៗបាន ខណៈរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានលើកទឹកចិត្តដល់ខាងផលិតកម្ម LD និងផលិតកម្មក្នុងស្រុកដទៃទៀតផលិតភាពយន្តទាក់ទង និងប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់សកលលោកឱ្យកាន់តែទូលំទូលាយ។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD លើកឡើងថា ក្រោយផលិតភាពយន្តរឿងប្រវត្តិស្នេហ៍នាងនាថ បានជោគជ័យក្រុមហ៊ុនលោកក៏នឹងមានគម្រោងផលិតភាពយន្តខ្នាតធំថ្មី ជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីយកទៅបញ្ចាំងនៅក្រៅប្រទេស សំដៅផ្សព្វផ្សាយភាពយន្តខ្មែរ និងវប្បធម៌ជាតិកាន់តែធំទូលាយ។
លោក អឿន សុខន តំណាង Investor មានប្រសាសន៍ថា រឿងប្រវត្តិស្នេហ៍នាងនាថ ចាយទុនផលិតអស់១លានដុល្លារ។ លោកបន្ថែមថា រឿងប្រវត្តិស្នេហ៍នាងនាថ ជារឿងមួយដែលដាក់បញ្ចូលនូវវប្បធម៌របស់ជាតិមានដូចជា ការរំលេចនូវល្ខោនស្បែកតូច ក្បាច់គុនល្បុក្កតោ គុនដំបង និងតម្បាញខ្មែរ-ល-។
សូមជម្រាបថា ភាពយន្តខ្នាតធំរឿង «ប្រវត្តិស្នេហ៍នាងនាថ» បានសម្ពោធឡើងនៅផ្សារទំនើប K Mall កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានព្រះនាង ជេន ណា នរោត្តម, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ផលិតករភាពយន្ត និងអ្នកសិល្បៈមកពីប្រទេសមីយ៉ាន់ម៉ា, អ្នកសិល្បៈខ្មែរទាំងពីរជំនាន់ និងដៃគូសហការផលិតភាពយន្តនេះជាច្រើនរូប។ បើតាមគម្រោងភាពយន្តខ្នាតធំរឿង «ប្រវត្តិស្នេហ៍នាងនាថ» នឹងចាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុកពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះតទៅ៕