(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «គ» ផ្នែកឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំខាងលើនេះធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ "គ" ផ្នែកឯកជន, តំណាងសមាគមសហគ្រិនស្រ្តីកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសមាគមអ្នកផលិតឱសថកម្ពុជា, តំណាងសហគ្រាសផលិតកម្មផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ដែលរៀបចំនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” ផ្នែកឯកជន ក៏ដូចជាពិនិត្យ ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនក្នុងវិស័យនេះដែលរួមមាន៖ ១.បញ្ហាកម្ចីពីធនាគារ SMEs Bank, ២. បញ្ហាថាមពលចំពោះវិស័យ SMEs, និងទី ៣. បញ្ហាប្រឈមក្នុងវិស័យអំបិល។
ក្រៅពីបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជន កិច្ចប្រជុំក៏បន្តប្រមូលនូវបញ្ហាប្រឈម សំណើរថ្មីផងដែរ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ៕