(ភ្នំពេញ)៖ ធនាគារពិភពលោក បានតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជានាយកគ្រប់គ្រងថ្មី របស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។ លោកស្រីជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅទីក្រុងភ្នំពេញ និងមើលការខុសត្រូវលើគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ដែលមានតម្លៃទឹកបា្រក់ចំនួន ១.៧ ប៊ីលានដុល្លារអាមេរិក។
នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឲ្យចប់សព្វគ្រប់នូវឯកសារ «ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា» សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។
កម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំកុមារតូច ប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារកាន់តែប្រសើរ និងភាពធន់ឲ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។
លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា បានថ្លែងថា «ខ្ញុំមានកិត្តិយសណាស់ ដែលបានមកបំពេញតួនាទីថ្មី នៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេច បាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស, បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា»។
អ្នកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រីធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រង សម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។
លោកស្រីក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។
លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារ ការិយាល័យធនាគារពិភពលោកនៅទីក្រុងភ្នំពេញ អស់រយៈពេលបីឆ្នាំកន្លងមក៕