(កំពង់ធំ)៖ លោកស្រី លឹម ស្រីណិត ប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រៃគុយ ព្រមទាំងក្រុមការងារ បាននាំយកអំណោយពីសប្បុរសជនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ នារសៀលថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៤។
តាងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយ លោកស្រីបានថ្លែងអំណរគុណដល់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងលោកស្រី ហ៊ាង ដារ័ត្នយ៉ារ៉ា អគ្គនាយកសណ្ឋាគារចាយ៉ាស្វីត និងសប្បុរសជននានាដែលបានឧបត្ថម្ភទាំងថវិកា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារសិក្សាផ្សេងៗ ដើម្បីចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានឃុំព្រៃគុយ។
ទន្ទឹមនឹងនោះដែរ លោកស្រីក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាក ហើយការផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈ ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះមានតិចតួចមិនបានជួយដល់ពលរដ្ឋយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។
លោកស្រីបានផ្តាំផ្ញើដល់លោកយាយលោកតាសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមានការរាគរុះបង្កជាជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាពដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតនៅពេលមានបញ្ហា ដើម្បីជួយពលរដ្ឋទាន់ពេលវាលាផងដែរ។
អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបានអង្គរ៥០គីឡូក្រាម ទឹកត្រី១យូរ ទឹកសាអ៊ីវ១យួរ អំបិល៥គីឡូក្រាម ខោអាវ២ឈុត ក្រមា២ ស្បែកជើ១គូរ ថ្នាំគ្រុនក្តៅ២ឈុត និងថវិកា១០ម៉ឺនរៀល៕