(កំពង់ធំ)៖ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលខេត្តកំពង់ធំ បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង៨ ក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាជាង២០០នាក់។
លោក សួស យ៉ារ៉ា បានសម្ដែងនូវអំណរចំពោះក្រុមការងារដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ ក្នុងការបម្រើប្រជាជន និងការចូលរួមអភិវឌ្ឍភូមិ ឃុំរបស់យើង ក៏ដូចជាការចិញ្ចឹមចលនា ដើម្បីទាក់ទាញការគាំទ្របន្ថែមពីប្រជាជន និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាន។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលជានិច្ចជាកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន បម្រើប្រជាជន ការពារប្រជាជន ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារ កសាងនិងអភិវឌ្ឍប្រទេសជាតិជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយកំពុងឈានទៅមុខ យ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹម លើគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំតាមគ្រប់រូបភាព ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងដើម្បីកសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំលើគន្លងនីតិរដ្ឋ មានការគោរពសិទ្ធិមនុស្ស មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ៕