(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ROY M CALlDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ក្នុងដំណើរនៃការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក ហែម ថា បានរៀបចំផែនព្យុះហយាត្រារបស់កងឯកភាព នៃកងពលតូចលេខ៧០, ទស្សនាអគារប្រពៃណី, ទស្សនាការតាំងសម្ភារៈ និងគ្រឿងយន្ដរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ដរាយ៧១១ ព្រមទាំងមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ឯក ហែម ថា ក៏បានទទួលជួបពិភាក្សាការងារមួយចំនួន ជាមួយលោកឧត្តមសេនីយ៍ឯក ROY M CALlDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូអមដំណើរផងដែរ។ ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក ហែម ថា បានលើកឡើងអំពីប្រវត្តិនៃកកើតរបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ តាំងពីដំណាក់កាលដំបូង រហូតមដល់ពេលបច្ចុប្បន្ននេះ។
មេបញ្ជាការកងពលតូចលេខ៧០រូបនេះ ក៏បានគូសបញ្ជាក់អំពីបេសកកម្មសំខាន់ និងលទ្ធផលការងារដែលបញ្ជាការដ្ឋានកងពលតូចលេខ៧០ សម្រេចបាននាពេលកន្លងមក ក្នុងនោះមានទាំងការចូលរួមចំណែកការពារខឿនសន្ដិភាព បូរណភាពទឹកដី និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះថ្នាក់កើតឡើង ទាំងគ្រោះបាក់រលំអគារ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះមហន្ដរាយនាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ROY M CALlDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក ហែម ថា ដែលបានទទួលស្វាគមន៍គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកហ្វីលីពីននៅពេលនេះ។ លោកក៏បានបង្ហាញនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលបញ្ជាការដ្ឋានកងពលតូចលេខ៧០ សម្រេចបានយ៉ាងត្រចេះត្រចង់កន្លងមក៕