(កំពង់ធំ)៖ គ្រូពេទ្យស្ម័គ្រចិត្តសាធារណរដ្ឋកូរ៉េខាងត្បូង ដឹកនាំដោយលោក LEE Cheol Woo អភិបាលខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដោយមានការទទួលស្វាគមន៍ពីលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងទស្សនកិច្ចរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង ដូចជា ចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹង ប្រវត្តិសាស្ត្រ និងប្រាសាទនានា លើកស្ទួយសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ចំណាស់មួយនេះ ចែករំលែកចំណេះដឹង (ទ្រឹស្ដីនិងការអនុវត្ត) ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវបម្រើឱ្យការងារអប់រំ។
គួរបញ្ជាក់ថា រមណីដ្ឋានសំបូរព្រៃគុកជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ពដោយបាយអជាផ្ទាំងៗអំពីឥដ្ឋ ក្បាច់ផ្តែរ និងមានឆ្លាក់សិលាចារឹកលើប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។
ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ នៅក្នុងសតវត្សទី៧ (៦១៦-៦៣៥) នាសម័យចេនឡា ហើយរមណីយដ្ឋានសំបូរព្រៃគុកចែកចេញជា៤ក្រុមធំៗ គឺក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ហើយប្រាសាទនេះស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕