(ភ្នំពេញ)៖ ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាលបានបង្ក្រាបក្មេងទំនើងខ្ទង់ពាន់នាក់ យកមកផ្ដល់ការអប់រំ និងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន។
ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា៦នាក់បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។
តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្មេងទំនើងទាំង៦នាក់នេះ មាន២នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ និង៤នាក់ទៀត ប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិច និងមើលរឿងអាសអាភាសគេចម៉ោងរៀន៕