(កំពង់ធំ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។
អមដំណើរចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនាឱកាសនោះ រួមមាន៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ បានបង្កការខូចខាតទាំងស្រុងដល់ផ្ទៃដីដំណាំស្រូវដែលដល់ពេលប្រមូលផលចំនួន១,២៩៧ហិកតា ហើយផ្ទៃដីដំណាំស្រូវចំនួន១,៤២៦ហិកតា បានរងផលប៉ះពាល់ និងចំនួន១,៥៦៨ ហិកតាផ្សេងទៀត កំពុងប្រឈម។ ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យមើលឃើញស្ថានភាពជាក់ស្តែង ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងការលំបាកនានាដែលបង្កឡើងដោយជំនន់ទឹកភ្លៀង លោក វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយនឹងខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ នឹងពិនិត្យលទ្ធភាពដោះស្រាយសំណូមពរទាំងនេះ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ ក៏បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រកំពង់គោផងដែរ។ ប្រព័ន្ធធារាសាស្រ្តនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀងមកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ប្រព័ន្ធធារាសាស្ត្រកំពង់គោ មានសមត្ថភាពស្តុកទឹកទុកទឹកប្រមាណ៥០០លានម៉ែត្រត្រីគុណ អាចស្រោចស្រពលើស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកសណ្តាន់, ប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលអាចឲ្យប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន៣ដង/ឆ្នាំ ដែលនឹងបង្កើនទិន្នផលពី ៣តោន/ហិកត ទៅ ៦តោន/ហិកត និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ដូចពេលនេះទៀត និងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន លោក វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់៕
http://image.freshnewsasia.com/2021/id-132/fn-2024-07-28-20-08-10-0.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-28-20-08-11-1.JPG