(ភ្នំពេញ)៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនលោកសេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាលដល់គេហដ្ឋានស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោក ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកសេង លឹមនៅ និងក្រុមគ្រួសារ។
លោក សេង លឹមនៅ និងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ លោកសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខលោក និងក្រុមគ្រួសារដល់លំនៅដ្ឋាន។
លោក និងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
លោក សេង លឹមនៅ និងក្រុមគ្រួសារបានប្រកាសគាំទ្រយ៉ាងខ្លាំងក្លាចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ លោកក៏បានបញ្ចាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ។
លោកព្រមទាំងក្រុមគ្រួសារនឹងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលអនាគត។
លោកក៏បានរម្លឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ និងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកបានចូលបម្រើការងារផ្នែកឱសថនៅក្រសួងសុខាភិបាល ព្រឹទ្ធបុរសរងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល។
ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ លោក ចាយ បូរិន និងក្រុមការងារក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោក សេង លឹមនៅ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់រក្សាលោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕