(ព្រះសីហនុ)៖ ទិវាធានារ៉ាប់រង រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ មានតួនាទីសកម្ម និងចាំបាច់ ក្នុងការចូលរួមចំណែកកសាងសំណាញ់ សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី «ទិវាធានារ៉ាប់រង ២០២៤» នៅទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក រស់ សីលវ៉ា បានឲ្យដឹងថា គោលបំណងសំខាន់ៗចំនួន៣នោះ រួមមាន៖
ទី១. លើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន,
ទី២. បង្ហាញពីការគាំទ្ររបស់រាជរដ្ឋា ភិបាលក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល
និងទី៣. បង្ហាញដល់សាធារណជនឱ្យបានជ្រាបថាវិស័យ ធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយ ដែលមានតួនាទីសកម្ម និងចាំបាច់ ក្នុងការចូលរួមចំណែកកសាងសំណាញ់ សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក រស់ សីលវ៉ា បានរំលេចពីសារៈសំខាន់នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខ សង្គម និងរួមចំណែកយ៉ាងខ្លាំងក្លាដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើក នូវទិសដៅការងារសំខាន់ៗ ក្នុងការជំរុញទីផ្សារធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ ទីផ្សារធានារ៉ាប់រងកម្ពុជា មានគ្រឹះស្ថានធានារ៉ាប់រងសរុប ១០៥ ដែលក្នុងនោះរួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូចចំនួន ៧ក្រុមហ៊ុន ធានារ៉ាប់ រងបន្តចំនួន ១ក្រុមហ៊ុន ជើងសាធានារ៉ាប់រងចំនួន ២០ក្រុមហ៊ុន ភ្នាក់ងារធានារ៉ាប់ រងចំនួន ៣៩ក្រុមហ៊ុន វាយតម្លៃហា និភ័យធានារ៉ាប់រងចំនួន ៣ក្រុមហ៊ុន គ្រប់គ្រងសំណងធានារ៉ាប់រងចំនួន២ និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រងចំនួន១ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម ធានារ៉ាប់រង។
ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៤៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ បានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា អត្រា ប្រមាណ ១,១៦ភាគរយ នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២១,០២ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់។ សូចនាករគន្លឹះទាំងពីរនេះ បញ្ជាក់ថា ទីផ្សារធានា រ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើន នាពេលខាងមុខ ហើយក៏បញ្ជាក់ផងដែរថា កង្វះការយល់ ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រង គឺជាបញ្ហាប្រឈមមួយដែលទាម ទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ញាជូនដល់សាធារណជនបន្ថែមទៀតអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។
លោកសង្ឃឹមជឿជាក់ថា ទិវាធានារ៉ាប់រងនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដល់ខេត្តព្រះសីហនុ តាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រង និងការរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ទិវាធានារ៉ាប់រង មានរៀបចំនូវកម្មវិធីអមសំខាន់ៗមួយចំនួនរួមមាន៖ សន្និសីទសារព័ត៌មានពីវិស័យធានារ៉ាប់រង, ការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ការតាំងពិព័ណ៌របស់គ្រឹះស្ថានធានារ៉ាប់រងសម្រាប់សាធារណជន, ការរត់កម្សាន្តក្រោមប្រធានបទ «រត់ដើម្បីជីវិត» ក្នុង ស្មារតីប្រមូលថវិកាជូនដល់កាកបាទក្រហមប្រចាំខេត្ត, ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ឈាមអ្នកជីវិតខ្ញុំ» ដើម្បីគាំទ្រដល់សកម្មភាពសង្គមជាពិសេសរួមចំណែកសង្គ្រោះជីវិតមនុស្ស ផងដែរ។
ក្នុងឱកាសនោះលោក មីន កុម្ភះ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា និយ័តករធានារ៉ាប់រងកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីប្រារព្ធ «ទិវាធានារ៉ាប់រងកម្ពុជា២០២៤» ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រង ឱ្យកាន់តែទូលំទូលាយដល់សាធារណជនស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា២០២១-២០៣០។
ជាមួយគ្នានេះ វិស័យធានារ៉ាប់រងកំពុងក្លាយជាសសរស្ដម្ភមួយទៀត មិនមែនធានារ៉ាប់រងហើយវិស័យនេះកំពុងជំរុញកំណើននៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយវិស័យនេះកំពុងជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យជាច្រើនផ្សេងទៀត។ ជាក់ស្តែង បុព្វលាភធានារ៉ាប់រងអាចត្រូវបានប្រើប្រាស់ជាមូលនិធិសន្សំ ក្នុងប្រព័ន្ធធនាគារ ឬអាចជាមូលនិធិវិនិយោគលើទីផ្សារមូលធន និងការវិនិយោគផ្សេងទៀតជាដើម៕