(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងជួបសំណេះសំណាលពិភាក្សាការងារដាច់ដោយឡែកជាមួយនឹងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពីការងារតាមវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
មានប្រសាសន៍ទៅកាន់អង្គប្រជុំនាឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អនុប្រធានទី១ព្រឹទ្ធសភា និងអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាល សម្តេចប្រធាន និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ តែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ សុខុមាលភាពរបស់មន្ត្រីរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ បន្ទាប់ពីអភិបាលខេត្តតំណាងមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ និងវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរនានារួចមក លោក ម៉ម- ប៊ុននាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធ ផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ ប្រធានគណៈប្រតិភូ បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភាថា មកទល់នឹងពេលនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដំណើរការមកដល់នីតិកាលទី៥ ដែលបានបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិ ប-តី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រកម្ពុជា និងបានបោះឆ្នោតជ្រើសរើស សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និង លោក អ៊ុច បុររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានបង្កើតគណៈកម្មាធិការ អចិន្ត្រៃយ៍ និងគណៈកម្មការនានា ដែលជាយន្តការស្នូលរបស់ព្រឹទ្ធសភា នៅថ្ងៃទី៥ មេសា ឆ្នាំ២០២៤។
ក្នុងនាមគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំពើពុករលួយ ជាកម្មវត្ថុដែលអង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងបង្ការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ។
លោក បានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួនឱ្យបានល្អប្រសើរ ពិសេស គឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕