(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកម្មវិធីកាត់សក់ និងសម្រស់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងមូលដ្ឋាននាពេលនេះ គឺជាផ្នែកមួយនៃការគិតគូនិងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាការកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋមួយផ្នែក ហើយកម្មវិធីនេះ ក៏ជាការបង្ខិតទំនាក់ទំនងរវាងមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែស្និទ្ធស្នាល និងជិតស្និទ្ធបន្ថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអរគុណក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ ក្រុមការងារក្រសួង ក្រុមយុវជន និងក្រុមការងារមិត្តយើង រួមជាមួយអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលបានធ្វើឱ្យកម្មវិធីកាត់សក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋានសម្រេចបានជោគជ័យ។
កម្មវិធីនេះជាផ្នែកមួយនៃកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង ធ្វើឡើងជារៀងរាល់ខែជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនកម្មករនិយោជិតដើម្បីទទួលបានការកាត់សក់ និងការថែរក្សាសម្រស់ដោយឥតគិតថ្លៃ ជាមួយនឹងជាងសុទ្ធតែចំណានៗចំនួន៦៥រូប។
សូមបញ្ជាក់ថា ក្រៅពីទទួលបានការកត់សក់ និងថែរក្សាសម្រស់រួចហើយនោះ អ្នកចូលរួមទាំងអស់ក៏មានឱកាសទទួលបានព័ត៌មានរបស់ក្រសួងដែលផ្សព្វផ្សាយពីឱកាសការងាររាប់ម៉ឺនកន្លែង ព័ត៌មានស្តីពីការសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈដោយឥតគិតថ្លៃ និងព័ត៌មានស្តីពីរបបសន្តិសុខសង្គមដែលសុទ្ធសឹងតែជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលបានដាក់ចេញដែលជាការគិតគូរនាំយកប្រយោជន៍ជូនប្រជាពលរដ្ឋដល់មូលដ្ឋានតែម្តង៕