(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រកាន់ខ្ជាប់អត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស រក្សាភាពជាគំរូ ដោយឈរលើស្មារតី បម្រើប្រជាជនដោយស្មោះត្រង់។
ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្កអប់រំនយោបាយរបស់គណបក្សវគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ។ ពិធីនេះប្រព្រឹត្តនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ព្រមទាំងសិក្ខាកាមដែលជាសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ ចំនួន ២៧៩នាក់។
មានប្រសាសន៍ទៅកាន់អង្គពិធី ឧបនាយករដ្ឋមន្ត្រី បាននាំយកប្រសាសន៍សួរសុខទុក្ខអំពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចទាំង៥ ដល់អង្គពិធីទាំងមូល និងសូមធ្វើការកោតសរសើរដល់ គណៈឃោនាអប់រំគណៈកម្មាធិការកណ្តាលគណបក្សក្រសួងមុខងារសាធារណៈ និងគ្រូឧទ្ទេសនាមទាំង៥ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គនយោបាយ លើកដំបូងនេះឡើង និងបានប្រព្រឹត្តទៅដោយរលូន។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីនក៏បានលើកឡើងថា តាំងពីចាប់កំណើតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួនដោយឥតងាករេ គឺផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ស្របតាមពាក្យស្លោក «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏តែងតែក្រើនរំលឹកដាស់តឿនជាប្រចាំថាប្រជាជនជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ការកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយក្នុងសង្គមជាតិ។ គណបក្ស ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន។
បន្ថែមពីនេះ ឧបនាយរដ្ឋមន្ត្រី បានសំណូមពរដល់សមាជិក សមាជិកានៃគណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ទាំងអស់ សូមបន្តអនុវត្តការងារមួយចំនួនរួមមាន៖
ទី១. ក្តាប់ជាប់នូវលក្ខន្តិកៈ កម្មវិធីនយោបាយ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស។
ទី២. ប្រកាន់ខ្ជាប់អត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស រក្សា ភាពជាគំរូ ដោយឈរលើស្មារតី បម្រើប្រជាជនដោយស្មោះត្រង់ និងអនុវត្តតាមយុទ្ធសាស្ត្រ ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកបក្ស ដើម្បីបន្តឈ្នះឆ្នោត។
ទី៣. ចូលរួមជាមួយគណៈកម្មាធិការនៃគណបក្សក្រសួង ក៏ដូចសាខាបក្សដែលខ្លួន កំពុងមានជីវភាព ដើម្បីបន្តកសាងគណបក្សឱ្យកាន់តែរឹងមាំ និងចុះពង្រឹងមូលដ្ឋានឱ្យបានល្អតាមទិសដៅដែលគណបក្សបានណែនាំ។
ទី៤. បន្តរៀនសូត្រជាប្រចាំ ដើម្បីបង្កើនសមត្ថភាព ទាំងនយោបាយ និងជំនាញ ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។
និងទី៥. លើកកម្ពស់មនសិការ ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំដោយឈរ លើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស។
សូមជម្រាបថា វគ្គអប់រំនេះមានរយៈពេល ១ថ្ងៃពេញនេះ ស្របតាមទិសដៅ មហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស កាលពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ ដែលបានដាក់ចេញ ក្នុងជំរុញការ «បើកវគ្គអប់រំនយោបាយនៅថ្នាក់កណ្តាល រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន ដើម្បីបំពាក់បំប៉ន ដល់មន្ត្រីបង្គោលរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក សំដៅលើកកម្ពស់ការយល់ដឹងអំពីគណបក្ស អំពីវិធីសាស្ត្រត្រិះរិះពិចារណា អំពីសភាពការណ៍ និងភារកិច្ច និងការកសាងអត្តចរិតសីលធម៌ល្អប្រពៃរបស់មន្ត្រីបក្ស»។
ការងារអប់រំនយោបាយ គឺជាការងារមួយដ៏មានសារៈសំខាន់ ចាំបាច់ និងត្រូវធ្វើ ជាប្រចាំក្នុងគោលដៅដើម្បីបញ្ជាបការយល់ដឹង អំពីលក្ខន្តិកៈបក្ស គោលការណ៍ កម្មវិធីនយោបាយ របៀបរបបធ្វើការ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមអំពីស្ថានភាព នយោបាយ គោលជំហរ និងការសម្រេចចិត្តថ្មីៗរបស់គណបក្ស ជូនដល់សមាជិក សមាជិកា តាមបណ្តារចនាសម្ព័ន្ធគណបក្ស។
ការអប់រំនយោបាយ គឺសំដៅធានា ថែរក្សាឱ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ទាំងខាងទស្សនៈ សតិអារម្មណ៍ នយោបាយ គោលជំហរ ឈានទៅការធ្វើសកម្មភាពការងារប្រកបដោយភាពស៊ីសង្វាក់ ស្រុះដៃ និងប្រទាក់ប្រឡាគ្នា នៃគ្រប់យន្តការ និងរចនាសម្ព័ន្ធបក្ស៕