(ព្រៃវែង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង។
សហគមន៍បាភ្នំមានជ័យ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំ ដែលមានសមត្ថភាពផលិតស្រូវពូជ (សុទ្ធល្អ) បានប្រមាណ ៥០០ តោន ក្នុង១ឆ្នាំ និងមានផ្ទៃស្រែ ចំនួន ៨៥ ហិកតា និងមានសមាជិកចំនួន ២៣៣ គ្រួសារ។ ក្នុងឆ្នាំ២០២៤នេះ សហគមន៍ មានគ្រោងពង្រីកផ្ទៃដីផលិតស្រូវពូជឱ្យបាន ១៤៥ ហិកតា ដែលអាចផលិតពូជបាន ១ដងទៅ៣ដងក្នុង១ឆ្នាំ និងមានផែនការផលិតពូជស្រូវសុទ្ធឱ្យបាន ៧៥០ តោន សម្រាប់ផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តព្រៃវែង និងខេត្តផ្សេងៗទៀត ដូចជា កំពង់ធំ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ។ ល។
ពូជស្រូវដែលសហគមន៍ផលិត ត្រូវបានកសិករទទួលស្គាល់ថាល្អជាងពូជនាំចូល ដែលមិនមានប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះសហគមន៍ជូបនូវបញ្ហាប្រឈមមួយចំនួន ដូចជា រុយសបំផ្លាញ ការប្រែប្រួល អាកាសធាតុ និងបញ្ហា កង្វះទុន ។
តាមសំណូមពររបស់សហគមន៍ ពាក់ព័ន្ធ នឹងបញ្ហា កង្វះទុន លោកបណ្ឌិត បានណែនាំឱ្យរៀបចំឯកសារឱ្យបានច្បាស់លាស់ ដេីម្បីធនាគារ ARDB ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានបន្ថែម ព្រមទាំងស្នេីដល់សហគមន៍ និងកសិករឱ្យប្រេីប្រាស់ APP របស់ ARDB ក្នុងការទូទាត់ និងផ្ទេរប្រាក់ ដែលងាយស្រួសជាងការប្រេីប្រាស់សាច់ប្រាក់សុទ្ធ។
បន្ទាប់មកនៅរសៀលថ្ងៃដដែល, លោកបណ្ឌិត និងសហការី បានបន្តចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវឈុនធំ និងរោងម៉ាស៊ីនកិនស្រូវឈិតប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលរោងម៉ាស៊ីនកិនស្រូវទាំង២ នេះ ទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធតាមរយៈធនាគារ ARDB ។
ក្នុងឱកាសនោះ លោកបណ្ឌិតបានស្នេីដល់ម្ចាស់រោងម៉ាស៊ីនទាំង២ ធ្វេីការប្រមូលទិញស្រូវពីកសិករ ឱ្យអស់លទ្ធភាពតាមតម្លៃសមស្រប នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ ៕