(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ បាននាំគ្នាចុះបិទផ្លូវជាតិលេខ៤ បង្កការកកស្ទះចរាចរណ៍ពេញផ្លូវ ដោយសារខឹងសម្បារ មិនសុខចិត្តនឹងកម្លាំងអាជ្ញាធរ ដែលបានចុះរុះរើលំនៅឋាន របស់ពួកគាត់ ជាសំណង់អាណាធិបតេយ្យសង់រំលោភលើដីរដ្ឋ នៃតំបន់ក្បាលឆាយ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ភា្នក់ងារ Fresh News នៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ជាង ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវចូលរោងចក្រ យូស៊ីន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីមានរឿងនេះកើតឡើង កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានចុះសម្រុះសម្រួល និងបញ្ជាឱ្យរំសាយការបិទផ្លូវនេះ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍លើផ្លូវ។ ប្រភពបានបន្តថា ក្រោយពីនាំគ្នារំសាយហើយ ក្រុមប្រជាពលរដ្ឋខាងលើបានគម្រាមថា ពួកគាត់នឹងប្រមូលគ្នាឱ្យបាន១,០០០នាក់ ដើម្បីធ្វើការតវ៉ាបិទផ្លូវនេះ ជាលើកទី២ ប្រសិនអាជ្ញាធរនៅតែបន្ត ការរុះរើលំនៅឋានរបស់ពួកគាត់ទៀត៕