(តាកែវ)៖ ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាពុទ្ធសានិក ដែលកំពុងរីករាយជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សានាឆ្នាំនេះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានវេរប្រគេនទៀនព្រះវស្សា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា ក្នុងវត្តចំនួន៨ ស្ថិតក្នុងខេត្តតាកែវ។
វត្តទាំង៨នោះរួមមាន ១-វត្តអង្គកំណប់ ២-វត្តប្រាសាទមានជ័យ ៣-វត្តចកអណ្តែត ៤-វត្តគោកកញ្ចាប ៥-វត្តត្រពាំងបឹង ៦-វត្តពោធិ៍រង្សី ៧-វត្តពូនភ្នំ ៨-វត្តភ្នំទំពែក កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៤។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន បានថ្វាយផ្កាភ្ញី និងបូជាចំពោះពុទ្ធបដិមា ជាកិច្ចនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ សមាទានសីលតាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈ សម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយ ពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។
ពុទ្ធឱវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អអំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ទុកសំរាប់ អនាគតជាតិ ពិសេសនោះ គឺការគោរពប្រតិបត្តិកម្មវិធីបុណ្យទានផ្សេងៗ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដូចជាការវេរទៀនព្រះវស្សាប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូលកាន់ព្រះវស្សា ពីលោក ឃឹង សារ៉ាត់ និងលោកស្រី ក្នុងពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ ឱ្យមានការរីកចំរើន និងគង់វង្ស គ្រប់៥ពាន់ព្រះវស្សា តាមកាលកំណត់នៃ ព្រះសម្មាសម្ពុទ្ធព្រះ បរមគ្រូនៃយើង ។
លំដាប់អំពី ធ្វើបទនមស្ការ សមាទានសីល រួចរាល់លោក ឃឹង សារ៉ាត់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានវេរ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេជ្ជៈ និងបរិក្ខាអម ប្រគេនព្រះសង្ឃទាំង៨វត្ត ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមា។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកស្រី ឆាយ សាលីន បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគេនដល់ព្រះសង្ឃចំនួន៨វត្ត ដោយក្នុង១វត្តៗរួមមាន ទៀនព្រះវស្សាចំនួន១គូ អង្ករចំនួន ៥០ គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ ភេសជ្ជៈប៉ូវកម្លាំង១កេសតូច និងបច្ច័យ៥០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភជូនយាយជីតាជីប្រមាណជាង ១០០នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕