(ព្រះវិហារ)៖ យ៉ាងហោចណាស់ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ និងកំណាត់ផ្លូវជាតិលេខ៤ ដោយសារបាតុភូតខ្យល់កន្ត្រាក់ខ្លាំង លាយឡំនិងភ្លៀង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ និងផ្លូវជាតិលេខ៦៤ក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយទទួលបានព័ត៍មានស្តីពីការបាក់រលំដើមឈើលើផ្លូវ លោកបានចាត់ក្រុមការងារចុះទៅពិនិត្យភ្លាមៗ និងបានកាត់ចេញពីដងផ្លូវដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមផងដែរថា មកដល់ពេលនេះដើមឈើដែលបាក់រលំលើផ្លូវត្រូវបានកាត់ចេញអស់ ប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា មិនមានបញ្ហាអ្វើនោះទេ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច ពិសេសកុំបើកបរលើសល្បឿនកំណត់ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងវ៉ាជែងទាំងប្រថុយប្រថាន៕