(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន ហេីយ និងអនុញ្ញាតឱ្យរថយន្តតូច ធំ ធ្វេីចររាចរណ៍ឡេីងវិញបានហេីយ។
លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថា ចាប់ពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ កន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា នៅពេលនេះភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានការចរាចរណ៍របស់ប្រជាពលរដ្ឋ។
ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
លោកក៏បានគូសបញ្ជាក់បន្ថែមថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕