(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បច្ចុប្បន្ននេះបើពោលអំពីទង្វើរបស់បុគ្គលសម រង្ស៊ី និងក្រុមគូកនរបស់ខ្លួន ដែលបាននិងកំពុងពុះកញ្ជោល ចង់ប្រែក្លាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឈន៍កម្ពុជា-ឡាវ-វៀតណាម ហៅថា CLV មកធ្វើជាប្រធានបទនយោបាយ បំភ្លៃញុះញង់ វាយប្រហារមកលើរាជរដ្ឋាភិបាលថា ជាការកាត់ទឹកដីឲ្យទៅប្រទេសវៀតណាម
។ បំណងរបស់ពួកគេ គឺលើកយក CLV មកធ្វើជាល្បែងនយោបាយដើម្បីតថ្លៃដោះដូរនូវទង្វើក្បត់ជាតិរបស់ខ្មួន ដែលបានលួចចុះកិច្ចព្រមព្រៀងស្ងាត់ៗជាមួយមេដឹកនាំ ជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស កាលពីឆ្នាំ២០១៣ ដោយបានលួចកាត់ដីខេត្ដចំនួន៤ គឺខេត្ដរតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង ឲ្យទៅជនជាតិម៉ុងតាញ៉ាវៀតណាម ដោយតថ្លៃថា បើរាជរដ្ឋាភិបាលចង់បានយុត្ដិធម៌ គឺរាជរដ្ឋាភិបាលត្រូវជម្រុះចោលនូវការចោទប្រកាន់ទៅលើទង្វើក្បត់ជាតិរបស់បុគ្គលសម រង្ស៊ី ដែលបានលួចកាត់ដីខេត្ដចំនួន៤ឲ្យជនជាតិម៉ុងតាញ៉ាវៀតណាម។
រាល់ទង្វើចោទប្រកាន់និងតថ្លៃរបស់បុគ្គល សម រង្ស៊ី និងក្រុមគូកនរបស់ខ្លួនទាំងនេះ លោករ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើចថា ពួកគេកំពុងប្រែក្លាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឈន៍ CLV មកធ្វើជាប្រធានបទនយោបាយ បំភ្លៃញុះញង់វាយប្រហារចោទប្រកាន់និងបង្កឲ្យមហាជនភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាល គឺពួកគេកំពុងខិតខំប្រឹងប្រែងលេងល្បែងនយោបាយដោយតថ្លៃមិនខុសពី "យករុយ មកធ្វើជាដំរី ឬយករុយ មកដូរនឹងដំរី" នោះទេ។
ពីព្រោះគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឈន៍ CLV ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះសម្តេចតេជោ ជានាយករដ្ឋមន្ត្រី គឺមានចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការស្ដារនិងអភិវឌ្ឈន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្ដិសុខ សុវត្តិភាព ដោយថែរក្សាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ដើម្បីអភិវឌ្ឈន៍ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី គឺកម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនទាំងនេះ ឲ្យទៅជាព្រំដែនសន្ដិភាព និងអភិវឌ្ឍន៍ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជាតិរបស់ប្រទេសទាំងបីរៀងៗខ្លួន គឺពុំមែនជាការកាត់ដីខេត្ដចំនួន៤ ដូចការបំភ្លៃញុះញង់ចោទប្រកាន់របស់បុគ្គល សម រង្ស៊ី និងក្រុមគូកនរបស់ខ្លួន ក្នុងចេតនាបង្កឲ្យមហាជនភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាលនោះទេ។
បើគិតមកដល់ឆ្នាំ២០២៤នេះ គឺរយ:ពេល២៥ឆ្នាំបានកន្លងផុតទៅ មានកិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល CLV លើកទី១២នេះផងដែរ។ បើនិយាយឲ្យខ្លី ក្នុងចន្លោះរយ:ពេល២៥ឆ្នាំមកនេះ បុគ្គល សម រង្ស៊ី និងក្រុមគូកនរបស់ខ្លួន កាលនៅជាតំណាងរាស្រ្ដក៏បានសាទរយ៉ាងប្រពៃផងដែរ។
តែផ្ទុយទៅវិញបើនិយាយដល់ទង្វើក្បត់ជាតិដែលពាក់ព័ន្ធក្នុងការលួចចុះកិច្ចព្រមព្រៀងស្ងាត់ៗ រវាងបុគ្គល សម រង្ស៊ី និងឈ្មោះ កុក ស ជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាមនៅឯសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៣ គឺច្បាស់ណាស់! បុគ្គល សម រង្ស៊ី បានស្រែកយ៉ាងក្ដែងៗថា បើខ្លួនឈ្នះឆ្នោត ខ្នួននឹងផ្ដល់សិទ្ធិស្វ័យភាព សិទ្ធិសេរីភាពដល់ជនជាតិម៉ុងតាញ៉ាវៀតណាមឲ្យមករស់នៅក្នុងខេត្ដទាំង៤នេះ ដោយសន្យាប្រគល់ទឹកដីខេត្តទាំង៤នេះ ទៅឲ្យជនជាតិម៉ុងតាញ៉ាវៀតណាម។ ជាក់ស្ដែងមាត្រា៥នៃកិច្ចព្រមព្រៀងស្ងាត់ៗនេះក៍បានបញ្ជាក់ផងដែរថា ជនជាតិវៀតណាមដែលជាជនជាតិភាគតិចដេហ្កា (ម៉ុងតាញ៉ា)នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវភាពនយោបាយ គាំទ្រគណបក្សសង្គ្រោះជាតិរបស់ខ្លួន។
ហេតុនេះចំពោះកិច្ចព្រមព្រៀងស្ងាត់ៗរវាងបុគ្គល សម រង្ស៊ី និងឈ្មោះ កុក ស ជាជនជាតិម៉ុងតាញ៉ាវៀតណាម គឺពិតជាកិច្ចព្រមព្រៀងបម្រើឲ្យមហិច្ឆិតាអត្មានិយម បក្ខពួកនិយមបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជាតិ និងប្រជាជនខ្មែរទូទាំងប្រទេសយ៉ាងពិតប្រាកដ។ ហើយអ្វីដែលកាន់តែគួរឲ្យហួសចិត្ដថែមទៀតនោះ គឺបុគ្គល សម រង្ស៊ី បានស្រែកក្ដែងៗថាបើខ្លួនឈ្នះឆ្នោត នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្ដល់សិទ្ធិសេរីភាពឲ្យជនជាតិម៉ុងតាញ៉ាវៀតណាមទាំងនោះផងដែរ។ អ៊ីចឹងហើយយើងសួរថា តើវាចាំបាច់ទេដែលត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីផ្ដល់សិទ្ធិសេរីភាពឲ្យជនជាតិម៉ុងតាញ៉ាវៀតណាម បើជនជាតិម៉ុងតាញ៉ាវៀតណាមទាំងនោះ មិនមានរស់នៅលើទឹកដីនៃខេត្តទាំង៤នោះផង ឬក៏គ្មានរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងហ្នឹង។ ឯរដ្ឋធម្មនុញ្ញកម្ពុជានេះទៀតសោត គឺបានផ្ដល់សិទ្ធិសេរីភាពដល់គ្រប់ជនជាតិដើមភាគតិចទាំងអស់ដែលឋិតក្នុងដែនដីកម្ពុជរដ្ឋនូវសិទ្ធិសេរីភាពស្មើៗគ្នារួចទៅហើយ។
ក្នុងន័យនេះ បើពោលអំពីអត្ថប្រយោជន៍ CLV គឺជាការតភ្ជាប់មួយយ៉ាងជិតស្និទ្ធដោយបើកលំហូរវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសន្ដិសុខរវាងប្រទេសទាំងបី ដើម្បីទទួលបានការអភិវឌ្ឍន៍យ៉ាងស្វាហាប់ ពីស្ថាប័នដៃគូអភិវឌ្ឈជំនួយអន្ដរជាតិ និងការវិនិយោគពីក្រុមហ៊ុនតំបន់ និងក្រុមហ៊ុនធំៗលើពិភពលោកដោយមានគោលនយោបាយបើកចំហ និងសុខដុមរមនាក្នុងតំបន់ ឈានដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ៕