(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថិរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
លោក ប៉ែន កុសល្យ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថិរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុករបស់ខ្លួន។
លោកអភិបាលខេត្តបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ឲ្យយមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកត្បូងឃ្មុំ ត្រូវសហការជាមួយមន្ទីរ/អង្គភាពពាក់ព័ន្ធបន្តជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធអោយបានឆាប់រហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដីធ្លី។
លោក ប៉ែន កុសល្យ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកត្បូងឃ្មុំទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកទាំងមូល ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្តដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ។
លោកបានប្រកាសថា នឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច រយៈពេល៥ថ្ងៃ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕