(កណ្តាល)៖ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានថ្លែងថា ដើម្បីបង្ហាញការចូលរួមពេញទំហឹងក្នុងថែរក្សាអានាម័យប្រភពទឹកធម្មជាតិទាំងអស់អង្គការសំអាតទន្លេ សមុទ្រ បាននឹងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាមរយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងសំរាមឱ្យបានកាន់តែល្អប្រសើរនៅពេលព្រែជីកហ្វូណនតេជោ ត្រូវបានសាងសង់រួច។
មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សំរាមជាង១៨៩០តោន ត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សំរាមទាំងអស់ត្រូវបានញែកតាមប្រភេទ ដើម្បីបំលែងជាថាមពល និងផលិតជាស៊ីម៉ង់។ នេះជាជោគជ័យមួយដ៏ធំធេងក្នុងការចូលរួមថែរក្សាអនាម័យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជីវៈចម្រុះក្នុងទឹក លើកកម្ពស់សោភ័ណភាពទីក្រុង លើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសក្នុងនាមប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ កម្ពុជា បានបង្ហាញពីភាពទទួលខុសត្រូវលើការគ្រប់គ្រងសំរាមមិនឱ្យមានក្នុងទន្លេទាំងអស់របស់យើង។
លោក នូ សុវណ្ណ បានបន្ថែមទៀតថា «យើងអាចសំរាកសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់ស្កាត់ការចោលបំពុលដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់»។
លោកបានបន្តថា អង្គការសំអាតទន្លេ សមុទ្រ ក្រោមបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ មានការគាំទ្រថវិការពីក្រុមហ៊ុន Leader Energy Group Berhad, មន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំកម្មវិធី អប់រំប្រជាពលរដ្ឋពីការរក្សាអនាម័យទន្លេ និងចុះសំអាតសំរាមចេញពីព្រែកជីកហ្វូណន ព្រែកតាកែវ និងបរិវេណការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្ពោធបើកជាផ្លូវការដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សមាសភាពចូលរួមចំនួន១០០០នាក់ រួមមានបុគ្គលិកអង្គការសំអាតទន្លេ សមុទ្រ ថ្នាក់ដឹកនាំថ្នាក់និងមន្ត្រីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋ យុវជន អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស៕