(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានចេញមកច្រានចោល និងបដិសេធភ្លាមៗ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ចំពោះសេចក្តីរាយការណ៍ និងព័ត៌មានមួយចំនួន ដែលបានយកទៅផ្សាយថា មានមន្រ្តីរបស់ប្រទេសវៀតណាម បាននិងកំពុងដើរបោះបង្គោលលើដី ក្នុងគោលបំណងមិនល្អ តែតាមការពិត គឺក្រុមការងារចំរុះ កម្ពុជា-វៀតណាម កំពុងវាស់កំពស់ដីទៅ និងនីវោទឹកសមុទ្រ ពាក់ព័ន្ធបញ្ហាបច្ចេកទេស។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះតាមតុកាហ្វេ ក៏ដូចតាមប្រពន្ធ័ផ្សព្វផ្សាយនានា បាននិងកំពុងបំពុលបរិយាកាសសង្គម និងដុតបន្ថែមកំដៅនយោបាយ ដោយលើកឡើងថា វៀតណាមដើរបោះបង្គោលដើម្បីមានបំណងមិនល្អ។ ហើយក៏មានសំណួរខ្លះពីប្រព័ន្ធផ្សព្វផ្សាយពីបញ្ហានេះ និងមានការបកស្រាយមិនល្អ ដើម្បីវាយប្រហារទៅលើអាជ្ញាធរ»។
បើតាមលោកស្នងការ តាមការស្រាវជ្រាវខេត្តកំពង់ចាម គឺមានការបោះបង្គោល២កន្លែងទី១-វត្តអំពិលធំ ឃុំខ្វឹតធំ ស្រុកព្រៃឈរ និងទី២-វត្តខែលជ័យ ភូមិត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ហើយការងារគឺក្រុមហ៊ុនចំរុះ កម្ពុជា-វៀតណាម បាននិងកំពុង ធ្វើតាមបណ្តាខេត្ត១ចំនួនផ្សេងទៀតផងដែរ។
លោកស្នងការបានបញ្ជាក់ថា «ការងារនេះ គឺមូលហេតុដើម្បី វាស់កំពស់ដីទៅ និងនីវោទឹកសមុទ្រ សម្រាប់ការពាក់ព័ន្ធបច្ចេកទេសផ្សេងទៀតផងដែរ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ័ស្តច្រឡំតទៀត»៕