(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលដំណើរការកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
ក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» បាននាំយកក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េ មកពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាំងប៊ុកដូ បានពិនិត្យព្យាបាលប្រជាពលរដ្ឋខេត្តកំពង់ធំដោយឥតគិតថ្លៃ នៅថ្ងៃនេះបានចំនួន២,០០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លើបញ្ហាជំងឺទូទៅ មាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ជំងឺភ្នែក និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
នៅថ្ងៃទី២៨ ខែកក្កដា ស្អែកនេះ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យកូរ៉េនឹងបន្តធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការព្រមទាំងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដដែល៕