(ស្វាយរៀង)៖ យ៉ាងហោចណាស់មានកម្មការិនីម្នាក់បានស្លាប់ភ្លាមៗនិងរងរបួសជាង១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកកម្មករបើកបុករះកម្មករ កម្មការិនីកំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ៤០នាទីល្ងាចថ្ងៃទី២៧ខែកក្កដាឆ្នាំ ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង រីសត ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះរឿន ពិសីអាយុ ១៧ឆ្នាំ មានទីលំនៅនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ហើយអ្វីគួរឱ្យអាណិតទៀតនោះ គឺនារីរងគ្រោះទើបតែភ្ជាប់ពាក្យបាន៣ខែ និងមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅប៉ុន្មានខែខាងមុខនេះផងដែរ។
ប្រភពបានបន្តថា មុនពេលកើតហេតុគេឃើញបងប្អូនកម្មករ កម្មការិនីប្រមាណជា២០នាក់ទៅ ៣០នាក់កំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 3E0377 ពណ៌លឿងបើកបរក្នុងល្បឿនលឿនបានបុកពន្នូតកាត់ថ្នល់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង រីសត ហោះផ្លោងរេចង្កូតឡើងទៅចិញ្ចើមថ្នល់បុករះ ទៅលើកម្មករ កម្មការនី ដែលកំពង់ឈររង់ចាំរថយន្ត ដើម្បីដឹកត្រឡប់ទៅផ្ទះវិញ បុកហើយកិនពីលើនារីម្នាក់ជាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្រោមរថយន្ត និងបុករះកម្មករ កម្មការិនីប្រមាណជាង ១០នាក់ផ្សេងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ ស្រាលតែម្ដង។
ប្រភពបានបន្តថា ចំណែករថយន្តបានបុកខ្ទប់និងដើមឈើទៅមុខលែងរួច កុំអីមិនដឹងមានមនុស្សប៉ុន្មាននាក់ទៀតទេដែលរងគ្រោះថ្នាក់នេះ។
ជាមួយគ្នានេះ បើតាមប្រភពពីសន្តិសុខយាមនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង resort នេះបានឲ្យដឹងថា ថៅកែរោងចក្របានដាក់បទបញ្ជា មិនអនុញ្ញាតឲ្យអ្នកបើកបររថយន្តក្នុងល្បឿនលឿនទេ បើអ្នកបើកបររថយន្តណាម្នាក់បើកបរលឿន ត្រូវចាប់ផាកពិន័យ ប៉ុន្តែមុនពេលកើតហេតុមានភ្លៀងកំពុងធ្លាក់ផង ស្រាប់តែជនបង្កបានបើករថយន្តក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកពន្លូតកាត់ថ្នល់ ក៏ហោះធ្លោរឡើង រេចង្កូតទៅខាងឆ្វេងបុករះកម្មករ កម្មការិនី ដែលកំពុងឈរលើចិញ្ចើមផ្លូវ រង់ចាំរថយន្តជិះត្រឡប់ទៅផ្ទះ បង្កឲ្យស្លាប់និងរបួសតែម្ដង។ចំណែកអ្នកបើកបររថយន្តបានបុកជាប់នៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះប៉ុន សូនីភេទប្រុសអាយុ ៣៦ ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង។
បច្ចុប្បន្នរថយន្តខូចខាតធ្ងន់ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយនៅពេលក្រោយ សមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុអ្នកបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕