(ភ្នំពេញ)៖ ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះឡើយ។ មន្ត្រីយោធាដឹកនាំការចុះស្វែងរក បានថ្លែងថា បញ្ហាអាកាសធាតុជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតនៃប្រតិបត្តិការ ស្វែងរកនេះ។
ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះជាមួយនឹងបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់មិនឈប់ និងកត្តាភូមិសាស្ត្រស្មុគស្មាញនូវតែជាឧបសគ្គសម្រាប់ការរុករក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ឧបសគ្គសម្រាប់ប្រតិបត្តិការស្វែករកឧត្ថម្ភាគចក្រ Z9 គឺបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ជាប់គ្នារាល់ថ្ងៃដែលធ្វើឱ្យជំនន់ទឹកភ្លៀងបានកើនឡើងខ្លាំងហូរកាត់អូរនិងស្ទឹងដែលជាផ្លូវធ្វើដំណើររបស់កម្លាំងរុករកថ្មើរជើង និងមានការចុះអព្ទ និងបញ្ហាភូមិសាស្ត្រ ខណៈកំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រឯណោះ៖
«បេសកកម្មយើងតាំងពីថ្ងៃ១៣កក្កដាមក..បានធ្វើនៅតំបន់អូរសោម..និយាយរួមគឺនៅតំបន់ ឃុំអូរសោម ទាំងអស់ គឺយើងបានធ្វើអស់ហើយ ។ បន្ទាប់ទៀត យើងបានរុញ ការរុករកយើង ឡើងពីភ្នំអូរសោម មកជិតភ្នំសំកុសដែលក្នុងព្រៃក្រាស់ នេះយើងបាន Scan រុករកអស់ហើយ» ។
ភូមិសាស្ត្រជួរភ្នំក្រវាញដែលឧទ្ធម្ភាគចក្របានបាត់ មានកម្ពស់ដ៏ខ្ពស់របស់វាប្រវែង ដល់ ១,៧៤០ម៉ែត្រនោះ។ វាជាតំបន់លាតសន្ធឹងដោយព្រៃគ្រប ដណ្តប់ក្នុងខេត្តពោធិ៍សាត់និងខេត្ត កោះកុង។ ភូមិសាស្ត្រជួរភ្នំក្រវាញដែលមានព្រៃដ៏ក្រាសនិងធំល្វឹងល្វើយជាមួយ ចំរាក់ភ្នំដ៏ស្មុគ ស្មាញថែមទៀតនោះ ផ្ទៃក្រឡារបស់វាគឺទំហំ៤ម៉ឺន៤ពាន់២៨៨ក្បៀស៨គីឡូម៉ែត្រក្រឡា។
មន្ត្រីយោធាបានថ្លែងថា គេបាន Scan និងរុករកឧទ្ធម្ភាគចក្រ និងអ្នកបាត់ខ្លួននៅតំបន់ភ្នំទំព័រ នៃឃុំប្រមោយ ស្រុកវាលវែង, បន្តមកឃុំថ្មដាចុះទៅកាន់ឃុំអូរសោមវិញដែលមាន ចម្ងាយ ២០គីឡូម៉ែត្រចុះទៅដល់តំបន់នោះ ។
អាជ្ញាធរត្រូវគេរាយការណ៍ថា បានដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែងរកប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់បានទទួលតម្រុយនៅឡើយទេខណៈអាកាសធាតុមិនល្អរួមទាំងការចុះអ័ព្ទគឺជាឧបសគ្គនៅក្នុងប្រតិបត្តិការស្វែងរក អ្នកដែលកំពុងបាត់ខ្លួននោះ។
ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានដាស់តឿនជាបន្តបន្ទាប់នៅក្នុង រង្វង់ពាក់កណ្តាលខែកក្កដា ដែលកម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលវិវត្តន៍ជាព្យុះទីបួន ឈ្មោះព្រះពិរុណ និង ហ្គេមី។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ឧបសគ្គរារាំងដល់កម្លាំងរុករកនោះ គឺទីមួយកត្តា អាកាសធាតុ និងលោកបញ្ជាក់ថា ភ្លៀងធ្លាក់ជាមួយនឹងធាតុអាកាសមិនល្អក្នុងតំបន់ដែលរុក រកនោះមានស្ទើររាល់ថ្ងៃ ដែលគេមានការពិបាកក្នុងការប្រើដ្រូន ឬការហោះឧទ្ធម្ភាគចក្រ និង សូម្បីតែកម្លាំងថ្មើរជើងក៏ពិបាកដោយសារពេលភ្លៀង ទឹកជ្រោះនឹងឡើងពេញហៀរដែលគេ មិនអាចឆ្លងកាត់បានឡើយ។
ឧបសគ្គទី២នេះ គឺភូមិសាស្ត្រ ឥឡូវនេះយើងបានរុញកម្លាំងថ្មើរជើង ចូលទៅដល់ជិត ភ្នំនេះ ហើយគឺនៅជើងភ្នំ និងចង្កេះភ្នំនោះ ប៉ុន្តែចង្កេះភ្នំហ្នឹងគឺវាខ្ពស់ជាង៥០០ ម៉ែត្រ..ប៉ុន្តែកម្ពស់ កំពូលភ្នំគឺវា១ពាន់២០០ម៉ែត្រជាង ទៅដល់១ពាន់៥០០ម៉ែត្រ..វាចោតតែម្តង ។ អញ្ចឹង គឺឥឡូវ នេះ នៅតាមនេះគឺដាក់ខ្សែពួរដើម្បីឡើង..ហើយយុទ្ធវិធីដែលយើង ទៅនេះ..បង ប្អូន អ្នកថ្មើរ ជើងទៅដល់កន្លែងណាគឺយើងបង្ហោះដ្រូនដែលតូច វិលមើលក្នុងរង្វង់ជាង៣គីឡូ ជុំវិញហ្នឹង.. ហើយបានបងប្អូនដើរទៅទៀត..ដើរទៅជាដំណាក់ៗដើម្បីScan យកភូមិសាស្ត្រ ទាំងអស់ ។ ប៉ុន្តែពេលខ្លះ ក្នុងមួយថ្ងៃបងប្អូន Scan ដ្រូននេះ បានតែ២០នាទីឬ៣០នាទីទេ ដោយសារវា ភ្លៀង ដូច្នេះដ្រូនហោះអត់កើត។ អញ្ចឹង នេះគឺជាបញ្ហាឧបសគ្គធំណាស់ ក្នុង ភូមិសាស្ត្រ ហើយនឹងធាតុអាកាសនេះ។
ឧទ្ធម្ភាគចក្រ Z9 ត្រូវគេរាយការណ៍ថា បានបាត់សញ្ញាទាក់ទងតាំងពីល្ងាចថ្ងៃសុក្រទី១២ កក្កដានៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ។ ឧទ្ធម្ភាគចក្រដែលបានបាត់សញ្ញាទាក់ទងនោះ គឺជា ឧទ្ធម្ភាគចក្រ យោធាហាត់ហ្វឹកហ្វឺនដែលមានទិសដៅពីភ្នំពេញទៅតំបន់ ថ្មដានិងពីតំបន់ថ្ម ដាទៅពោធិ៍ សាត់និងពីពោធិ៍សាត់មកភ្នំពេញ ក្នុងនោះមានមនុស្សចំនួន២នាក់ដែលបាន បាត់ខ្លួនគឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុម ហោះហើរ និងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក។
ការបាត់ឧទ្ធម្ភាគចក្រនេះ ត្រូវគេឃើញមានការផ្សាយព័ត៌មានដែលគ្មានប្រភពអះអាងបាន និយាយផ្សេងៗគ្នាដោយខ្លះបាននិយាយថាគេបានប្រទះឃើញបំណែកឧទ្ធម្ភាគចក្រប៉ុន្តែមិន បានបង្ហាញភស្ថុតាងឡើយ។ ការផ្សាយដោយគ្មានការសំអាងច្បាស់លាស់នោះ បានប្រញាប់ ឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានអំពាវរកការបញ្ឈប់ជាបន្ទាន់។
លោក ទៀ សីហា បានថ្លែងថា «ការផ្តល់ព័ត៌មានមិនពិតទាំងឡាយនោះបានធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ក្រុមគ្រួសារនិងសាច់ញាតិអ្នកដែលបាត់ខ្លួននៅក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រ និងក៏ធ្វើឱ្យមានក្តីសន្និដ្ឋានផ្សេងៗដែលជារឿងមិនពិតឡើយ»។
ក្រោយការព្រមាននោះមកការផ្សាយ ព័ត៌មានមិនពិតរបស់ក្រុម MMO ត្រូវគេឃើញថាបាន បញ្ចប់ការផ្សាយទាំងនោះវិញ។
* ឧត្តមសេនីយ៍យោធា បង្ហាញវិធីស្វែងរកឧទ្ធម្ភាគចក្រ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ប្រតិបត្តិការ រុករកនេះមិនមែនជាការរុករកបែប ប្រថុយប្រថាន ឬបែបផ្សងព្រេងនោះឡើយ ដោយការរុករកបានធ្វើឡើងតាមរយៈការវាយតម្លៃ បច្ចេកទេសច្បាស់លាស់និងគិតពីចម្ងាយដែលឧត្ថម្ភាគចក្របានបាត់់សញ្ញាទាក់ទងរួមទាំង សេវាទូរស័ព្ទផងដែរ។ លោកបានពន្យល់ពាក់ព័ន្ធនូវមូលហេតុវាយតម្លៃផ្អែកលើផ្នែកឯកទេស ជំនាញដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងអ្នកបាត់ខ្លួន។
«ខ្ញុំសូមជម្រាបថា គឺផ្នែកបច្ចេកទេសនេះ យើងធ្វើការល្អិតល្អន់ណាស់ ៖ ទី១.យើងគិត ពីការ ហោះហើរ រវាងពី ភ្នំពេញ មកដល់តំបន់ដែលបាត់ការទាក់ទងចម្ងាយ១៥៦គីឡូម៉ែត្រ។ យើងរកឃើញថាការបាត់សញ្ញាទាក់ទងគឺនៅតំបន់ អូរសោមក្នុងស្រុកវាលវែងនេះ។ ទី២.យើងក៏គិតលើផ្នែកបច្ចេកទេស ដែលធម្មតា យន្តហោះ នៅពេលដែលមានបញ្ហា វាឱ្យ សញ្ញា Alertមួយ ទៅផ្កាយរណប ដែលគ្រប់គ្រងការហោះហើរ…ហើយផ្កាយរណបនោះ ក៏បានចង្អុលបង្ហាញមកយើងថា វាស្ថិតក្នុងតំបន់ក្បែរខ្នងភ្នំព្រះ»។
នៅក្បែរនឹងខ្នងភ្នំព្រះនោះ នៅមួយភ្នំមួយទៀតគឺភ្នំយ៉ាក់យ៉ៃ ដែលមានកម្ពស់រហូតដល់ ១,៥០៤ម៉ែត្រ ។ តំបន់ចន្លោះរវាងឃុំថ្មដា និងឃុំអូសោមនៃស្រុកវាលវែងក៏ជាតំបន់ដែលគេ បានទទួលដំណឹងពីការផ្តល់សញ្ញាតាមបច្ចេកវិទ្យានេះដែរ។
មន្ត្រីក្រសួងការពារជាតិបានរៀបរាប់នូវការវាយតម្លៃលើផ្នែកឯកទេសទី៣គឺស៊ីមកាត ដែល អ្នកបើកបរយន្តហោះទាំងពីរនាក់នេះ បានប្រើប្រាស់ ក្នុងនោះរួមមានសេវា Cellcard មួយ និងសេវា Metfone មួយ។
ក្នុងការវាយតម្លៃផ្អែកលើកត្តាឯកទេសទីបីនោះ គឺគេបានសាកសួរទៅកាន់ក្រុម Cellcard ក្នុងការចង់ដឹងថាតើស៊ីមទូរស័ព្ទនៃសេវា Cellcard នោះបានឈប់ដំណើររបស់វានៅកន្លែង ណាគ្រាដែលការឆ្លើយតបមកវិញ គឺស្ថិតក្នុងចំណុចដែលក្រុមរុករកកំពុងតែធ្វើកិច្ចការនៅ ក្នុងតំបន់នោះ។
ចំណែកការវាយតម្លៃផ្អែកលើឯកទេសទីបួន គឺគេបានសិក្សាជាមួយអ្នកធ្លាប់ហោះហើរតាម ឧទ្ធម្ភាគចក្រដូចគ្នាពីព្រោះការហោះហើរហ្វឹកហ្វឺនមកកាន់តំបន់ជួរភ្នំក្រវាញនេះ គឺមានកម្ម វិធី ២ថ្ងៃឬ៣ថ្ងៃម្តង។ គេបានសាកសួរទៅអ្នកធ្លាប់ហោះហើរនោះថា តើការហោះហើរមកតាម ដងជ្រលងភ្នំនេះ បើសិនជាមានអាកាសធាតុមិនអំណោយផល តើគេអាចមានវិធីគេចចេញ ដែរឬទេ?
វិធីស្វែងរកដទៃទៀត ត្រូវបានគេសាកសួរពីប្រជាពលរដ្ឋក្រែងលោកពួកគេធ្លាប់បានប្រទះ ឃើញឧទ្ធម្ភាចក្រដែលបានបាត់កន្លងមកនេះ និងតាមរយៈវិធីទាំងឡាយនោះហើយ គេនៅ តែមិនអាចរកឃើញតម្រុយបាត់នៃឧទ្ធម្ភាចក្រនោះឡើយ។
កម្លាំងដែលបានតាមរកឧទ្ធម្ភាគចក្រនិងអ្នកបាត់ខ្លួនទាំង២ ត្រូវគេរាយការណ៍ថា បានកើន ពីជិត៩០០នាក់លើសចំនួនជាង១ពាន់នាក់ហើយ។ កម្លាំងចម្រុះដែលបានចូលរួម ត្រូវគេរាយការណ៍ថារួមមានកម្លាំងមកពីយោធ ភូមិភាគ៥ ចំនួន៣៨០នាក់, កម្លាំងអង្គភាពដទៃ៤៩៦នាក់ដែលពីអគ្គបញ្ជាការដ្ឋានទីបញ្ជាការ, បញ្ជា ការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានទ័ពជើងអាកាស, បញ្ជាការដ្ឋានទ័ពពិសេស, កងពល តូចលេខ៧០, កងពលតូចអន្តរាគមន៍លេខ១៤, កងពលតូចអន្តរាគមន៍លេខ ១, កងពលតូច ដឹកជញ្ជួនលេខ៩៩, ការិយាល័យទី២កងទ័ពជើងគោក និងគណៈកម្មាធិការ គ្រោះមហន្តរាយ នគរបាលនិងបរិស្ថាននិងកម្លាំងជាច្រើនរយថែមទៀតដែលជាកម្លាំងមូលដ្ឋានដែលមានការ ស្គាល់ភូមិសាស្ត្រច្បាស់លាស់។
* ក្រសួងការពារជាតិបដិសេធសេចក្តីស្នើរបស់ក្រុមស្ម័គ្រចិត្តឯកជន
ដំណឹងបាត់ឧទ្ធម្ភាគចក្រនេះ ត្រូវបានក្រុមហ៊ុនឯកជនខ្លះ បានស្នើត្រៀមការស្ម័គ្រចិត្តរបស់ ខ្លួនដើម្បីជួយស្វែងរកជាមួយគ្នានឹងកម្លាំងរបស់រាជរដ្ឋាភិបាលផងដែរ ប៉ុន្តែដោយសារតែក្តី បារម្ភនឹងអាកាសធាតុមិនល្អ, ក្រសួងការពារជាតិមិនបានអនុញ្ញាត ឡើយ។
មហាគ្រួសាររថយន្ត OFFRoad កម្ពុជា បានស្នើរកការស្ម័គ្រចិត្តត្រៀមបញ្ចេញរថយន្តក្រុម OFFRoad របស់ខ្លួនជាច្រើនគ្រឿងដើម្បីជួយស្វែងរកឧទ្ធម្ភាគចក្រនិងអ្នកបាត់ខ្លួន ប៉ុន្តែ ដោយសារតែក្តីបារម្ភនឹងអាកាសធាតុមិនល្អ, ក្រសួងការពារជាតិមិនបានអនុញ្ញាត ឡើយ។
មហាគ្រួសាររថយន្ត OFFRoad កម្ពុជា បានសរសេរនៅថ្ងៃទី១៤កក្កដាថាប្រសិនបើមានតម្រូវ ការពីរដ្ឋាភិបាល«ដើម្បីរួមចំណែក ក្នុងការងារមនុស្សធម៌, ក្រុមមហាគ្រួសារ OFFRoad កម្ពុជា ត្រៀមបញ្ចេញរថយន្ត OFFRoad ជាច្រើនគ្រឿងដោយការស្ម័គ្រចិត្តសម្រាប់ត្រៀមជួយសហ ការនិងរួមចំណែកក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រZ9-MH-912 ដែលបានបាត់នៅក្នុងព្រៃ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កងកម្លាំងចូល រួមទាំងឡាយនិងបានថ្លែងអំណរគុណដល់អ្នកទាំងឡាយដទៃទៀតដែលចង់ស្ម័គ្រចូលរួម ប៉ុន្តែលោកបានបញ្ជាក់ថាដោយសារបារម្ភនឹងកត្តាសុវត្ថិភាព ទើបក្រសួងការពារជាតិមិនបាន អនុញ្ញាតទេ។ «ក្នុងនាមគណៈបញ្ជាការរុករក ខ្ញុំសូមថ្លែងអំណរគុណ ចំពោះបងប្អូនស្ថាប័ន និងប្រជាពលរដ្ឋ ខ្លះ ដែលមានឆន្ទៈថាចង់រករុកនេះ ប៉ុន្តែខ្ញុំក៏សូមជម្រាបជូនថាភូមិសាស្ត្រនៅតំបន់នេះ និងផ្អែកតាម ធាតុអាកាសនេះ គឺមានហានិភ័យខ្ពស់ណាស់ ចំពោះក្រុមរុករក ទោះបងប្អូននោះ បានអះអាង ថាធ្លាប់បានដើរព្រៃ ធ្លាប់ស្គាល់ភូមិសាស្ត្រនោះក៏ដោយ ព្រោះនៅពេលភ្លៀងធ្លាក់មក គឺមានទឹក ហូរខ្លាំង តាមជ្រោះនីមួយៗ ហើយទឹកឡើងក៏លឿន។ ដូច្នេះ វាធ្វើឱ្យបាត់ទាក់ទងរវាងក្រុមរុករក ជួរមុខ និងក្រុមជួរក្រោយ ដើម្បីក្តាប់សភាពការណ៍ ហើយជាពិសេសទៅទៀតនោះគឺរហូត ដល់ការដាច់ស្បៀង ព្រមទាំងជួបគ្រោះថ្នាក់អ្វីមួយគឺពិបាកជួយសង្គ្រោះគ្នា ។ ជាក់ស្តែង ដូចជា ក្រុមរុករក របស់ខេត្ត ដែលគាត់បានបញ្ជូនទៅឱ្យចូលរួមប្រតិបត្តិការនេះ គឺមានសមាសភាព ចាប់ពីប្រជាពលរដ្ឋដែលមានជំនាញដើរភ្នំ និងស្គាល់ភូមិសាស្ត្រជាដើម..ហើយមានខាងក្រសួង បរិស្ថាន ក៏បានបញ្ជូនមន្ត្រីឧទ្យានុរក្ស និងអ្នកជំនាញដើរព្រៃភ្នំជាច្រើន ដែលថា ស្គាល់ព្រៃ ស្គាល់ផ្លូវនោះ..ក៏ប៉ុន្តែ ទីចុងបំផុតបងប្អូនទាំងអស់នោះ ត្រូវបានជាប់នៅចំណុចមួយចំនួន រហូតដល់ដាច់ស្បៀងអាហារ ២ ឬ៣ថ្ងៃដែលធ្វើឱ្យខាងកងទ័ពនេះ បញ្ជូនកម្លាំងឡើងទៅ សង្រ្គោះ។ ដូច្នេះបញ្ហានេះ គឺវាមានហានិភ័យខ្ពស់ណាស់។
លោកឧត្តមសេនីយ៍បានថ្លែងបញ្ជាក់មកវិញទៀតថា កិច្ចការដែលមានហានិភ័យខ្ពស់នេះ គួរទុកលទ្ធភាពឱ្យកងកម្លាំងយោធាដែលមានជំនាញក្នុងការរុករកនិងដើរព្រៃដើម្បីធ្វើកិច្ចការទាំង ឡាយនេះវិញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងតាមសារបណ្តាញសង្គមក្នុងសប្តាហ៍នេះជាមួយនឹងការ ដាក់បទបញ្ជាថា «ទោះបីប្រឈមនឹងការលំបាក ឬត្រូវ ប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ, ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់ យើងអាចរកឃើញអាកាសយានិក របស់ យើងទាំងពីររូប» ។
សម្តេចធិបតីបានថ្លែងលើកទឹកចិត្តដល់ «ក្រុមប្រតិបត្តិការរុករកទាំងអស់…ក្នុងការបំពេញ បេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរក ឃើញបងប្អូន អាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ»៕