(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកសួរសុខទុក្ខកុមារី ឌុល ស្រីពេជ្រ អាយុ៦ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើតត្រូវបានទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារ គឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកបានគូសរំលេចថា៖ «ជាមួយនឹងបេះដូងដែលមានសុខភាពល្អ ក្រុមគ្រូពេទ្យកម្ពុជា និងចិន បានផ្តល់ក្តីសង្ឃឹម និងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ»។
លោកស្រី ប៊ុត រ៉ាឌី ដែលជាម្តាយរបស់កុមារី ឌុល ស្រីពេជ្រ រស់នៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងអំណរគុណដល់លោក កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់កុមារនៅទូទាំងស្រុកបាទី និងតែងកៀរគរជំនួយនានាជួយរួមចំណែកអភិវឌ្ឍស្រុកបាទីដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើងជូនដល់ប្រជាជននៅក្នុងស្រុកបាទី។
ចាប់តាំងពីទទួលបានដំណឹងថាកូនស្រីរបស់លោកស្រីមានជំងឺបេះដូងពីកំណើតតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិនចុះទៅពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងស្រុកបាទីនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក កឹមរ័ត្ន វិសិដ្ឋ បានចាត់ក្រុមការងារមកសួរសុខទុក្ខ និងសម្របសម្រួលដើម្បីបញ្ជូនកូនស្រីរបស់លោកស្រីមកវះកាត់និងព្យាបាលដោយរាល់ការចំណាយទាំងស្រុងជាបន្ទុកផ្ទាល់របស់លោកផ្ទាល់ បន្ថែមពីលើនេះលោកបានតាមដានជាប់ជានិច្ចនូវស្ថានភាពទាំងក្នុង ទាំងពេល និងក្រោយពេលវះកាត់។
លោកស្រីបានបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន បានចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាចំនួន១៣៨៩រូប រស់នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និង ចំនួន២១៨៤រូប រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយជាលទ្ធផលមានកុមារ៥រូបត្រូវរកឃើញថាមានជំងឺបេះដូងពីកំណើត។ ដោយឡែករយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានវះកាត់និងព្យាបាលដោយជោគជ័យជំងឺបេះដូងពីកំណើតដល់កុមារចំនួន៦រូប ដែលក្នុងនោះមានកុមារី ឌុល ស្រីពេជ្រ ផងដែរ៕