(យូអិន)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីហ្សូ អាបេ បានទាមទារឲ្យពិភពលោក ស្វែងរកវិធីសាស្រ្តថ្មី ដើម្បីរារាំងការគំរាមកំហែង ពីសំណាក់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីប្រទេស ដែលបានទទួលរង ទណ្ឌកម្មពីអន្តរជាតិ ដ៏ច្រើនលើសលុបមួយនេះ នៅតែបន្តធ្វើការសាកល្បងមីស៊ីលផ្លោង និងអាវុធ នុយក្លេអ៊ែរ របស់ខ្លួន។ នេះបើតាមកាចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងឱកាសកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិលោក អាបេ បានលើកឡើងថា ផែនការដែលត្រូវបាន ត្រៀមសម្រាប់កូរ៉េខាងជើង ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបន្ទាប់ពីទង្វើថ្មីៗ ដោយរួមបញ្ចូលទាំងការ បំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរជាលើកទីប្រាំ របស់ប្រទេសមួយនេះ។ លោក អាបេ បានបន្តថា «វាគ្មានជម្រើសផ្សេងទៀតឡើយ ក្រៅពីស្វែងរកវីធីសាស្រ្តីថ្មី ខុសពីអ្វីដែលយើងធ្លាប់បានអនុវត្តន៍ កន្លងមក ខណៈការគំរាមកំហែងដល់សហគមន៍អន្តរជាតិ កាន់តែបន្តកើនឡើងយ៉ាងធ្ងន់ធ្ងរ»។
ដោយឡែកលោកនាយករដ្ឋមន្រ្តី មិនបានបញ្ជាក់ពី វិធីសាស្រ្តបែបណាឲ្យប្រាកដនោះឡើយ ប៉ុន្តែបានអះអាងថា ប្រទេសជប៉ុននឹងប្រើប្រាស់តំណែងនៅក្នុងក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីស្វែងរកជម្រើសថ្មីផ្សេងទៀត ដែលមានប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានទទួលរងការដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសារ ប៉ុន្តែប្រទេស កុម្មុយនីស្តមួយនេះ មិនព្រមរាថយឬបញ្ឈប់កម្មវីធីនុយក្លេអ៊ែររបស់ខ្លួននោះឡើយ ចំណែកឯប្រទេស ជប៉ុន ដែលជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលធ្លាប់បានទទួលរងគ្រោះដោយការ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បានប្តេជ្ញាយ៉ាងមុតមាំ ចំពោះការលុបបំបាត់អាវុធប្រល័យលោកនេះ៕