(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់សមត្ថកិច្ច ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់គាត់កាន់តែល្អប្រសើរ ជាពិសេសត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែប្រសើរ។
ការជំរុញយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងស្ថាប័ន អង្គភាពប្រតិបត្តិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រមាណជា ៣០០នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ពីលទ្ធផលនែការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ធ្វើបានចំនួន៦,៩៩៩លើក មានប្រជាពលរដ្ឋចូលរួម ៤៣១,៣៤៥នាក់ និងការងារផ្សព្វផ្សាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បានចំនួន៣,៦១៩លើក មានប្រជាពលរដ្ឋចូលរួម៣២១,១១នាក់ និងការងារវេទិកាសាធារណៈ បានចំនួន៣,៣៨០លើក មានប្រជាពលរដ្ឋចូលរួម ១១០,៣៣៤នាក់។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១នេះ បានកើតឡើង៨២លើក មានការកើនឡើងបើធៀបទៅឆមាសទី១ ឆ្នាំ២០២៣។
លោក ប្រាក់ សោភ័ណ បានលើកឡើងថា ស្របទៅនឹងស្ថានភាពនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ កត្តាសំខាន់ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
លោកបន្តថា អាជ្ញាធរនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះធម្មជាតិផងដែរ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឲ្យការងារ លើការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់។
នាយឧត្តមសេនីយ៍ ជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្ត ឲ្យបានរឹងមាំ និងក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមាននៅតាមក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ និងរួមគ្នាដោះស្រាយ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានផ្តោតដ៏សំខាន់ ទៅលើបញ្ហាចរាចរណ៍ ដែលជាកត្តាចំបងនៅខេត្តសៀមរាប ដែលជាឃាតករបំបាំងមុខ ដែលបង្កឡើងដោយកត្តាមនុស្ស និងសម្ភារៈ បានបង្កធ្វើឲ្យមានជនពិការ បន្សល់ទុកសោទនាកម្មដល់ក្រុមគ្រួសារ។ ចំពោះបញ្ហាគ្រឿងញៀន ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងធនធានមនុស្សក្នុងសង្គម រួមទាំងគ្រោះថ្នាក់ធម្មជាតិផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វេទិកាសាធារណៈ ជាយន្តការបញ្ជ្រាបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការស្តាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីព័ត៌មានពិត ឬមិនពិតជូនប្រជាពលរដ្ឋ។ ម៉្យាងទៀត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាការពារភូមិ ឲ្យពួកគាត់ស្គាល់នូវពីតួនាទីរបស់ខ្លួន៕