(ពោធិ៍សាត់)៖ សួននិម្មិតសញ្ញា រដ្ឋបាលស្រុកកណ្តៀង ដែលស្ថិតក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៃទីប្រជុំជនស្រុក បានលេចចេញជារូបរៀងហើយ បន្ទាប់ពីដំណើរការសាងសង់អស់រយះពេល ជិត៣ខែ អមដោយគំនូសសញ្ញាចរាចរណ៍ ផ្កាលម្អ រួមទាំងភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈផងដែរ។
បើតាមលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង បានឱ្យដឹងថា និមិត្តសញ្ញា របស់រដ្ឋបាលស្រុកកណ្តៀង ត្រូវបានរៀបចំឡើង ដោយមានការពិភាក្សា និងផ្តល់មតិយោបល់គ្រប់សមាសភាព រួមមានសមាជិក សមាជិការក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក រួមជាមួយនឹងមន្ត្រីជំនាញពាក់ពន្ធ័ ដើម្បីពិនិត្យខ្លឹមសារ រូបសញ្ញា ឱ្យសមស្របតាមប្រពៃណី ទំនៀម ទំលាប់ និងបែបបទរបស់ខ្មែរ ដោយជាក់ស្តែងបានបង្ហាញ នៅលើនិមិត្តសញ្ញាមាន រូបមនុស្សពីរនាក់ មាន បុរសពាក់មួកស្លឹកត្នោត និងនារីខ្មែរមានជូតក្បាលក្រមាក្រហម ដែលជាកសិករ ដោយរូបស្ត្រីមានបីកណ្តាប់ស្រូវ ចំណែកបុរសមានបីរុក្ខជាតិដើមកណ្តៀង អមដោយក្បាច់រចនានៅខាងក្រោម បែបប្រពៃណីខ្មែរបុរាណ ដោយមានអក្សរដាក់ខាងក្រោមឈ្មោះថា៖ រដ្ឋបាលស្រុកកណ្តៀង និងបានរំលេចនូវអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖
ទី១៖ រូបបុរសកាន់ដើមកណ្ដៀង និងស្រ្តីកាន់កណ្ដាប់ស្រូវ៖ រូបបុរសពាក់មួកស្លឹកត្នោត ដៃកាន់ទ្រដើមកណ្តៀង និងស្រ្តីជូនក្រមាក្រហម ដៃកាន់កណ្តាប់ស្រូវ និងមានសំលៀកបំពាក់ពណ៌ខៀវ តំណាងឱ្យប្រជាពលរដ្ឋទាំងប្រុស ទាំងស្រីទូទាំងស្រុក ដែលមានធនធានមនុស្សល្អៗ មារយាទសុភាពរៀបសារ ស្លូតបូតប្រកបដោយភក្តីភាព ឧស្សាហ៍ព្យាយាម ពោរពេញដោយចំណេះដឹង គុណធម៌ ក្នុងកិច្ចការងារ និងអាជីព ជាកសិករថ្នៃប្រឌិតខ្ពស់ ជាប្រជាពលរដ្ឋល្អ ជាមន្ត្រីរាជការ មានការទទួលខុសត្រូវផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់រហ័សទាន់ពេល និងមានតម្លាភាព។
ទី២៖ រូបដើមកណ្ដៀងមាន ៩ធាង រួមជាមួយផ្កា៖ រូបដើមកណ្តៀង តំណាងឱ្យឈ្មោះ ស្រុកកណ្ដៀង ព្រោះទីរួមស្រុកមានស្ទឹងដែលសម្បូរដោយដើមកណ្តៀងសម្រាប់ប្រជាពលដ្ឋធ្វើជាម្ហូបអាហារ និងដើមកណ្តៀងទាំង០៩ដើម មានជាមួយផ្កាកណ្តៀង តំណាងឱ្យឃុំទាំង៩ នៅក្នុងមូលដ្ឋានស្រុកនាពេលបច្ចុប្បន្ន។ ផ្កាកណ្តៀងមានលក្ខណៈជាកញ្ចុំពណ័ស្វាយ រូបរាងដូចត្បូងកណ្តៀង ដែលជានិមិត្តរូប មានការអភិវឌ្ឍប្រកបដោយការរីកចម្រើនរុងរឿងគ្រប់វិស័យ។
ទី៣៖ រូបកណ្ដាប់ស្រូវពណ៌មាស៖ រូបកណ្តាប់ស្រូវពណ៌មាន ដែលស្រី្តកសិករកំពុងបីកាន់ តំណាងឱ្យភោគផលស្រូវ ដែលប្រជាកសិករផលិតបាន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជាការរួមចំណែក ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ឱ្យមានការីកចម្រើន និងជាស្រុក ដែលមានសក្កានុពល ក្នុងការផលិតស្រូវ ក្នុងខេត្តពោធិ៍សាត់ ខណៈមានប្រឡាយទឹក និងទំនប់ទឹកខ្វាត់ខ្វែង ដែលបានសាងសង់ និងផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា។
ទី៤៖ រូបផ្ទៃពណ៌សនៅផ្នែកខាងក្រោយ៖ តំណាងឱ្យ ភាពស្មោះសរ ស្មោះត្រង់ ភាពបរិសុទ្ធ សេចក្ដីល្អ គ្មានមន្ទិលសៅហ្មង ជ្រះថ្លា ការយកចិត្តទុកដាក់ អភិរក្សថែរក្សា សេចក្ដីក្លាហាន ភាពកក់ក្ដៅ និងសេចក្ដីសង្ឃឹមប្រកដោយវិជ្ជមាន។
ទី៥៖ រូបបូពណ៌ក្រហម និងពណ៌ខៀវទ្រដោយរចនាបថក្បាច់ចម្លាក់អង្គរ៖ តំណាងឱ្យ ជាតិ ទឹកដី ប្រជាជន និងព្រះមហាក្សត្រ រួមផ្សំជាមួយរចនាបថក្បាច់អង្គរ ដែលមានលក្ខណៈទំនើប អភិរក្ស ជារចនាបថមួយ ស្ថិតក្នុងអំឡុងពេល ដែលអរិយធម៌កម្ពុជា មានការរីកចម្រើនខ្ពស់ តំណាងឱ្យ ភាពត្រជាក់ត្រជុំ សុខដុមរមនា និងវឌ្ឍនភាពខ្ពស់ ក្នុងការទ្រទ្រង់ប្រពលរដ្ឋទូទាំងស្រុក មានសេដ្ឋកិច្ចរីកចំរើន រស់នៅមានសុខសុវត្ថិភាព និងសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី៦៖ អក្សរ «រដ្ឋបាលស្រុកកណ្ដៀង»៖ បង្ហាញពី អាជ្ញាធរគ្រប់គ្រងដែនដី នៃស្រុកកណ្តៀងទាំងមូល ដោយមានរចនាសម្ព័ន្ធ និងយន្តការដឹកនាំច្បាស់លាស់ ចាប់តាំងពីរដ្ឋបាលភូមិឃុំ និងរដ្ឋបាលស្រុក ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជាបទដ្ឋានគតិយុទ្ធនានាអនុវត្តឱ្យបាននូវគោលនយោ បាយ ភូមិឃុំសុវត្ថិភាព និងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវវប្បធម៌ ជំនឿ ទំនៀមទំលាប់ ប្រពៃណី និងសាសនា របស់ជាតិបានល្អប្រសើរ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»៕