Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រមាញ់បានជនគ្រឿងញៀន ៩នាក់ ដកហូតបានថ្នាំ ៣កញ្ចប់ នៅក្រុងសិរីសោភ័ណ

22-09-2016 11:11

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ថាដោយមានការ សម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងអាវុធខេត្ត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៩នាក់ ដកហូតបានថ្នាំម៉ាទឹកកក ចំនួន៣កញ្ចប់ ទម្ងន់១៨.៤៤ក្រាម។

រួមជាមួយថ្នាំញៀវខាងលើ កម្លាំងអាវុធហត្ថក៏បានដកវត្ថុតាងមួយចំនួនទៀត ដូចជាជញ្ជីងថ្លឹង១គ្រឿង ទូរស័ព្ទដៃ២២គ្រឿង រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ថងច្រកថ្នាំញៀមួយចំនួន និងសម្ភារជក់គ្រឿងញៀនមួយចំនួនធំ នៅចំណុចភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបន្តថា ជនសង្ស័យម្នាក់ ឈ្មោះ យ៉ា ចំរើន ហៅណុយ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ចំណែក ជនសង្ស័យ៦នាក់ទៀត មានឈ្មោះ ទី១.ទេស រ៉ូហ្សា ហៅមុំ ភេទស្រី អាយុ២៤ឆ្នាំ (ឃាត់ខ្លួននៅខេត្តបាត់ដំបង ដោយសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង), ទី២.ឈួន វណ្ណដា ហៅពេន អាយុ៥០ឆ្នាំ, ទី៣.ហូ លីហៀង អាយុ៣៤ឆ្នាំ, ទី៤.ហ៊ុយ ហេង អាយុ២៩ឆ្នាំ, ទី៥.គីម សាវី អាយុ៣៦ឆ្នាំ, និងទី៦.នាម សីហា អាយុ៣៥ឆ្នាំ។

ក្រោយពីសាកសួរចម្លើយជនសង្ស័យទាំង៦នាក់រួចមក ទើបនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថឈានដល់ការឆែកបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  ក្រោមការដឹកនាំដោយ លោក តេង សាម៉ៃ ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ថែមទៀត ទី១.ឈ្មោះ សាន មន្នី ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធរបស់ជនសង្ស័យ ឈួន វណ្ណដា) ,ទី២.ឈ្មោះ សាន សារ៉ែន ហៅម៉ាប់ អាយុ២៤ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕