(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេស សូមរក្សាបាននូវភាពស្អាត មានអនាម័យល្អ គ្រប់ទីតាំងដែលខ្លួនបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសុខាភិបាលខេត្ដស្វាយរៀង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល មន្ទីរពេទ្យខេត្ដស្វាយរៀង និងមណ្ឌលសុខភាពបាសាក់ ដែលមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្ដស្វាយរៀង។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា មូលដ្ឋានសុខាភិបាល គឺជាកន្លែងការផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងអ្នកជំងឺ ត្រូវតែរក្សានូវអនាម័យខ្ពស់ក្នុងការពិនិត្យព្យាបាលពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ បង្ការការឆ្លងរោគនានា ។ដូច្នេះអនាម័យនៅតែជាភាពចម្បងមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ដបន្ថែម។
លោកសាស្ដ្រាចារ្យបន្ដថា «ទោះមណ្ឌលសុខភាព ឬមន្ទីរពេទ្យយើងចាស់ តែឱ្យតែសម្អាតឱ្យបានស្អាត មានអនាម័យគ្រប់ទីកន្លែងដែលយើងផ្ដល់សេវា នោះគឺស្អាតហើយ មិនចាំបាច់ទាល់តែអគារថ្មី ទើបមានអនាម័យនោះទេ។ ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យក៏បានស្នើឱ្យមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែកផ្សេងទៀតមិនថានៅក្នុងខេត្ដស្វាយរៀង និងទូទាំងប្រទេស ត្រូវរក្សាឱ្យបានភាពស្អាត មានអនាម័យខ្ពស់ គ្រប់កន្លែងផ្ដល់សេវារបស់ខ្លួន»។
ក្នុងឱកាសនោះសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានវាយតម្លៃខ្ពស់ចំពោះ «មណ្ឌលសុខភាពបាសាក់ ក្នុងខេត្ដស្វាយរៀង» ដែលជាមណ្ឌលសុខភាព មានសោភ័ណភាពស្អាត ទាំងហេដ្ឋានរចនា និងការរៀបចំតុបតែងក្នុងបរិវេណជុំវិញមណ្ឌល ពិសេសមានអនាម័យល្អគ្រប់ទីតាំងដែលខ្លួនបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសមានកន្លែងលាងដៃសម្រាប់ប្រជាពលរដ្ឋ និងអ្នកជំងឺពេលចូលទៅទទួលសេវា ហើយបុគ្គលិកសុខាភិបាលមានភាពរួសរាយរាក់ទាក់ និងមានសមត្ថភាព ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដយ៉ាងខ្លាំង។
ជាមួយគ្នានោះលោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់ដល់អភិបាលខេត្ដ អភិបាលរងខេត្ដស្វាយរៀង សមាជិកឧត្ដមប្រឹក្សាខេត្ដ និងកងកម្លាំងប្រដាប់អាវុធ មន្ទីរស្ថាប័ននានាជុំវិញខេត្ដ ដែលបានខិតខំប្រឹងប្រែងកន្លងមក ដើម្បីឱ្យវិស័យសុខាភិបាលមួយនេះ បន្ដមានភាពរីកចម្រើន ពីព្រោះវិស័យសុខាភិបាល មិនអាចរីកចម្រើនបានដោយខ្លួនឯងតែម្នាក់ និងមិនមានការចូលរួមពីភាគីពាក់ព័ន្ធនោះទេ។
ឆ្លៀតក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាស៍គន្លឹះមួយចំនួនទៀតដល់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យការបម្រើសេវាសុខាភិបាលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា រួមមាន៖
* យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងទំនុកចិត្ដដល់ពីប្រជាពលរដ្ឋ
* រាល់ឧបករណ៍សម្ភារៈបរិក្ខារដែលមានស្រាប់ ត្រូវឱ្យមានដំណើរការ ស្អាតបំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។
* ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ។
* ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺ ឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់ឱ្យបានល្អ គង់វង្ស។
* ត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម។
* ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ លង់ទឹក ពស់ចឹក ជាដើម ។
* ត្រូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋវាយតម្លៃ ទៅលើការផ្ដល់សេវាសុខាភិបាលរបស់យើង
* បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាល ឱ្យបានល្អ និងនៅរក្សាបានជាដំណើរការប្រកបដោយគុណភាព។
* ពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។
* ការពង្រឹងអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំលើកទឹកចិត្ដ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
សូមជម្រាបថា មួយថ្ងៃពេញ ទល់យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលចំនួន ២ខេត្ដ គឺខេត្ដព្រៃវែង ដែលបានចុះពិនិត្យមន្ទីរពេទ្យបង្អែកអ្នកលឿង មណ្ឌលសុខភាពពាមរក៍ មន្ទីរពេទ្យខត្ដព្រៃវែង និងបន្ដសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសុខាភិបាលខេត្ដព្រៃវែង។
បន្ទាប់ពីបញ្ចប់ក្នុងការចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅខេត្ដព្រៃវែង លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ដដំណើរទៅកាន់មណ្ឌលសុខភាពបាសាក់ ហើយបន្ដទៅពិនិត្យការងារនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល មន្ទីរពេទ្យខេត្ដស្វាយរៀង និងអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសុខាភិបាលខេត្ដស្វាយរៀង ហើយនៅវេលាម៉ោងប្រមាណជាង៧យប់ បន្ដចុះសួរសុខទុក្ខមន្ដ្រីប្រចាំការ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពកំពង់ត្របែកផងដែរ៕